• ក្រសួងអប់រំ អនុញ្ញាតឱ្យបុគ្គលអប់រំ ដាក់ពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបុគ្គលអប់រំ ដាក់ពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ សម្រាប់ឆ្នាំសិក្សា២០២១-២២នេះ។ នេះបើយោងតាមលិខិតលេខ ៣១៨០ អយក.បល របស់ លោក ទេព ភិយ្យោរិទ្ធ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

    លិខិតដដែលបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវទទួលពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ និងធ្វើការបូកសរុបរៀបចំបញ្ជីឈ្មោះ រួចផ្ញើជូនក្រសួង (នាយកដ្ឋានបុគ្គលិក) យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង។

    សំណុំឯកសារដែលត្រូវផ្ញើជូនក្រសួង រួមមាន៖

    * ១៖ ពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធ ជាមន្ត្រីរាជការ ឆ្លងរាជធានី ខេត្ត និងបញ្ជីសរុប
    * ២៖ បញ្ជីរាយនាមបុគ្គលិកអប់រំសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ក្នុងខេត្ត។

    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ការអនុញ្ញាតឱ្យបុគ្គលអប់រំ ដាក់ពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ មិនមែនជារឿងថ្មីនោះទេ ដើម្បីផ្តល់ប្រយោជន៍ដល់បុគ្គលិកអប់រំ។ ការអនុញ្ញាតឱ្យបុគ្គលអប់រំ ដាក់ពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ សម្រាប់ឆ្នាំសិក្សា២០២១-២២នេះ ធ្វើឡើងដោយយោងតាមលិខិតលេខ៤៧១៧ អយក.បល របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

    បើតាមលិខិតលេខ៤៧១៧ អយក.បល បញ្ជាក់ថា ក្រសួងអប់រំអនុញ្ញាតឲ្យបុគ្គលិកអប់រំដែលមានលក្ខខណ្ឌដូចខាងក្រោម មានសិទ្ធិដាក់ពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ៖

    * ១៖ សាមីជនត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌ
    * ២៖ ធានាថាមិនមានផលប៉ះពាល់ដល់សេវាបង្រៀន/សេវាការងារក្នុងអង្គភាព
    * ៣៖ ស្ថានភាពគ្រួសារជួបការលំបាក(មានកូនតូច មើលថែទាំអ្នកជំងឺ ឬចាស់ជរា) មានឯកសារបញ្ជាក់ច្បាស់លាស់ ។

    ក្រោយពេលផ្លាស់ចេញចំពោះបុគ្គលិកអប់រំដែលស្ថិតនៅក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបំពេញពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារ ដោយឆ្លងតាមឋានានុក្រមគ្រប់គ្រង និងដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសាម៉ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ