ពិតជារំភើបជំនួសខ្លាំងណាស់ នៅពេលដែលបានឃើញប្អូនស្រីម្នាក់ ដែលធ្លាប់ត្រូវបានឪពុកអប្រិយធ្វើបាប (រំលោភ) តាំងពីនាងទើបតែអាយុ ១២ ឆ្នាំ នៅពេលនេះ ខ្សែជីវិតដ៏អភព្វរបស់នាង ត្រូវបានផ្លាស់ប្តូរជិតក្លាយជាគ្រូបង្រៀនថ្នាក់វិទ្យាល័យ និងពិសេសនោះ គឺនាងបានរកឃើញគូជីវិតរៀបការតាមគន្លងប្រពៃណី បន្ទាប់ពីត្រូវបានចិញ្ចើមមើលថែបីបាច់ នៅក្នុងអង្គការ Afesip អស់រយៈពេល ១៤ ឆ្នាំ ដែលមានអ្នកម្តាយចិត្តធម៌ទី២អ្នកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក។
ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញកូនស្រីចិញ្ចឹម ដែលជិតក្លាយជាអ្នកគ្រូបង្រៀន បានចូលរោងការតាមប្រពៃណីបែបនេះ អ្នកស្រី សុម៉ាលី បានសម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង និងក៏បានអញ្ជើញទៅចូលរួមបំពេញមុខមាត់ថ្មី អោយកូនទាំងពីរ នៅក្នុងពិធីមង្កលការកាលពីពេលថ្មីៗនេះផងដែរ។
ក្នុងនោះ អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សំណេររៀបរាប់ទាំងក្តីរំភើបផងក្តុកក្តួលផងថា៖ «ទោះមិនមែនកូនស្រីបង្កេីត តែខ្ញុំបានចិញ្ចឹមនាងតូច (14 ឆ្នាំ) តាំងពីនាងតូចអាយុ 12 ឆ្នាំ រហូតពេលនេះ គាត់បានបញ្ចប់បរិញ្ញាបត្រ ផ្នែកអក្សរសាស្រ្តខ្មែរ នៅតែបន្តិចទៀត គាត់នឹងក្លាយជាអ្នកគ្រូពេញសិទ្ធិហេីយ នេះជាមោទនភាពរបស់ម្តាយចិញ្ចឹមដូចនាងខ្ញុំ តែអ្វីដែលរឹតតែពិសេសនោះ គឺកូនស្រីខ្ញុំ គាត់បានបំពេញតួនាទីជាកូនល្អ ដោយបានក្រាបក្បាលដល់កន្ទេល រៀបមង្គលការជាមួយបុរសដែលគាត់ស្រលាញ់»។
ដោយឡែក លោក ប៉ែន ចំរ៉ុង ដែលជាទូតសុឆន្ទៈមួយរូបរបស់ Afesip ដែលបានទៅចូលរួមក្នុងពិធីការប្អូនស្រី ក៏បានសម្តែងក្តីរំភើបផងដែរថា៖ «ក្នុងនាមខ្ញុំបាទជា ទូតសុឆន្ទៈមួយរូបរបស់ Afesip ពិតជារំភើបរីករាយណាស់ដែលឃើញកូនស្រីដែលធ្លាប់ជាជនរងគ្រោះ ពេលនេះកូនបានក្លាយជាមនុស្សថ្មី ជាធនធានដ៏ល្អត្រឡប់មកជួយសង្គមវិញ មានអនាគតដ៏ល្អប្រពៃ មានឧត្តមស្វាមីដែលស្រលាញ់កូនពិត ហើយផ្តល់តំលៃកូនតាមប្រពៃណីខ្មែរយើង»៕