• NATO បញ្ចេញយន្ដហោះទំនើបៗ៣០គ្រឿង ចេញការពារដែនអាកាស

    ទីក្រុងប៊្រុសសែល (Brussels) ៖ ស្របពេលសង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែននោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ បានបញ្ជូនយន្ដហោះចម្បាំងទំនើបៗជាច្រើនគ្រឿង រួមទាំងយន្ដហោះឈ្លបយកការណ៍ ចេញល្បាតការពារដល់ប្រទេសជាសម្ពន្ធមិត្ត បញ្ចៀសនូវការឈ្លានពានណាមួយ ពីរុស្ស៊ី។

    សារព័ត៌មានចក្រភពអង់គ្លេស UKDJ បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា អង្គការណាតូ (NATO) បានបញ្ជាក់ថា យន្ដហោះចម្បាំង និង យន្ដហោះឈ្លបយកការណ៍ ប្រហែល៣០គ្រឿង កំពុងតែស្ថិតនៅលើដែនអាកាស នៅតំបន់អឺរ៉ុបខាងកើត។ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានចាត់វិធានការ ការពារប្រទេសសមាជិករបស់ខ្លួន នៅភាគខាងកើត អឺរ៉ុប ដើម្បីបញ្ចៀសនូវការឈ្លានពានណាមួយ បង្កឡើង ដោយរុស្ស៊ី។

    នៅលើអាកាស បញ្ជាការកងទ័ពអាកាសសម្ព័ន្ធមិត្ត បានបញ្ជា និង ប្រើប្រាស់យន្តហោះយោធា មកពីបណ្ដាប្រទេសនានា និង អង្គការណាតូ ដើម្បីអនុវត្តសកម្មភាពយ៉ាងប្រុងប្រយ័ត្ន។ ជាមួយគ្នានេះដែរ ណាតូ ក៏បានបង្កើននូវចំនួនយន្តហោះចម្បាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅទូទាំងអឺរ៉ុបខាងកើត ដើម្បីឆ្លើយតបនឹងការវាយប្រហារ ដោយមិនញញើតរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

    លោកឧត្ដមសេនីយ៍ ហ្សក ឡេប៊ឺត (Jörg Lebert) នាយសេនាធិការកងទ័ពអាកាសសម្ពន្ធមិត្ត ប្រចាំបញ្ជាការដ្ឋាន បានបញ្ជាក់ថា «កម្លាំងទ័ពអាកាសរបស់អង្គការណាតូ បានពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងតំបន់ភាគខាងកើត នៃប្រទេសជាសម្ពន្ធមិត្ត ជួយការពារសមាជិកណាតូ ប្រឆាំងនឹងការឈ្លានពានណាមួយរបស់រុស្ស៊ី។ រីឯយន្តហោះចម្បាំង រាប់សិបគ្រឿងទាំងនោះ មានការប្រុងប្រយ័ត្ន គ្រប់ពេលវេលា សម្រាប់ការឆ្លើយតប ទៅនឹងការរំលោភបំពាន មកលើដែនអាកាស ដែលអាចកើតមានជាយថាហេតុ និង ទប់ស្កាត់រាល់ការឈ្លានពានណាមួយ ពីរុស្ស៊ី»។

    អង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា យន្ដហោះចម្បាំងរបស់សម្ពន្ធមិត្ត បានហោះចេញពីមូលដ្ឋានកងទ័ពអាកាសរបស់ពួកគេ ឆ្ពោះទៅកាន់មូលដ្ឋានត្រូវដាក់ ឬ នាវាផ្ទុកយន្ដហោះ កំពុងតែហោះហើរបំពេញបេសកកម្មល្បាត នៅលើដែនអាកាសរបស់ប្រទេសជាសម្ពន្ធមិត្ត នៅអឺរ៉ុបខាងកើត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ