• ប្រេងឆៅចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការឡើងថ្លៃតិចតួច ខណៈកូវីដ-១៩ នៅតែជាក្តីបារម្ភ

    (សិង្ហបុរី)៖ ប្រេងឆៅបានឡើងថ្លៃនៅថ្ងៃចន្ទនេះនៅពេលទីផ្សារចាប់ផ្តើមជួញដូរនៅថ្ងៃដំបូងក្នុងឆ្នាំ២០២២ ខណៈដែលការរាតត្បាតជំងឺកូវីដនៅតែជាក្តីបារម្ភដែលដាក់បន្ទុកលើតម្រូវការប្រេង។

    ទីភ្នាក់ងាររ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent របស់ចក្រភពអង់គ្លេសបានឡើងថ្លៃ ៦៧សេន ឬ ០,៨៦ភាគរយដល់ ៧៨,៤៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានឡើងថ្លៃ ៧៧សេន ឬ ១,០២ភាគរយដល់ ៧៥,៩៨ដុល្លារក្នុងមួយបារ៉ែល។

    កាលពីឆ្នាំមុន តម្លៃប្រេងឆៅបានឡើងថ្លៃប្រហែល ៥០ភាគរយ ដែលត្រូវបានជំរុញដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកពីការធ្លាក់ចុះដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងការទប់ស្កាត់ការផលិតប្រេងដោយប្រទេសផលិតប្រេងឆៅ បើទោះជាករណីឆ្លងជំងឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោកក្តី។

    ក្រុមអ្នកជំនាញសុខភាពអាមេរិកបានព្រមានឱ្យពលរដ្ឋអាមេរិកត្រៀមខ្លួនចំពោះការអាក់ខានសកម្មភាពធ្ងន់ធ្ងរនានានៅសប្តាហ៍ខាងមុខ ដោយអត្រាឆ្លងទំនងជាកើតមានកាន់តែអាក្រក់ឡើង ក្នុងគ្រាដែលមានការកើនឡើងការធ្វើដំណើរកម្សាន្ត ការអបអរចូលឆ្នាំថ្មី និងការបើកដំណើរការសាលារៀនឡើងវិញបន្ទាប់ពីឈប់សម្រាករដូវរងារ។

    ការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញថា អ្នកវិភាគអំពីប្រេងឆៅបានទម្លាក់ការព្យាករពីតម្លៃប្រេងឆៅសម្រាប់ឆ្នាំ២០២២ ដោយសារវីរុសប្រភេទថ្មីអូមីក្រុងបង្កផលប៉ះពាល់ដល់ការស្ទុះងើបតម្រូវការប្រេងឡើងវិញ និងអាចបង្កឱ្យមានការផ្គត់ផ្គង់ច្រើន ដោយសារក្រុមប្រទេសផលិតប្រេងបូមប្រេងកាន់តែច្រើន។

    ការអង្កេតមួយផ្សេងទៀតទៅលើសេដ្ឋវិទូ និងអ្នកវិភាគចំនួន ៣៥នាក់បានបង្ហាញថា តម្លៃប្រេងឆៅប្រភេទ Brent នឹងមានតម្លៃជាមធ្យម ៧៣,៥៨ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២២ ខណៈដែលប្រេងឆៅអាមេរិកត្រូវបានព្យាករថានឹងមានតម្លៃជាមធ្យម ៧១,៣៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០២២។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ