• ក្រុមហ៊ុន Apple បើកការស៊ើបអង្កេតរោងចក្រផលិត iPhone នៅឥណ្ឌា បន្ទាប់ពីកម្មករធ្វើកូដកម្ម ដោយសារពុលអាហារ

    (ឥណ្ឌា)៖ ក្រុមហ៊ុន Apple កំពុងបញ្ជូនក្រុមការងារទៅស៊ើបអង្កេតរោងចក្រដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីស្ថានភាពការងារ និងស្នាក់នៅមានភាពមិនប្រក្រតីនៅក្នុងរោងចក្រ ហើយរឿងនេះបានជំរុញឱ្យកម្មករធ្វើកូដកម្មបន្ទាប់ពីមានកម្មករជាច្រើននាក់បានពុលអាហារ។

    បើយោងតាមការសើបអង្កេតរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ បានរកឃើញថាស្ត្រីដែលធ្វើការនៅក្នុងរោងចក្រផលិត iPhone នៅក្នុងប្រទេសឥណ្ឌា កំពុងធ្វើការក្នុងស្ថានភាពលំបាកខ្លាំង ដោយត្រូវបង្ខំឱ្យដេកនៅលើឥដ្ឋក្នុងបន្ទប់ស្នាក់នៅរបស់រោងចក្រ ដែលមានមនុស្សច្រើន និងប្រើបង្គន់ដោយគ្មានអនាម័យ គ្មានទឹកប្រើប្រាស់ ហើយថ្មីៗនេះ មានការផ្ទុះឡើងនៃការពុលអាហារ ដែលបានធ្វើឱ្យមនុស្សចំនួន ១៥០នាក់ត្រូវបានបញ្ជូលទៅកាន់នៅមន្ទីរពេទ្យ និងបានជំរុញឱ្យកម្មករធ្វើកូដកម្ម ហើយរោងចក្រក៏បានបិទទ្វារនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។

    រោងចក្រខាងលើនេះ មានបុគ្គលិកប្រហែល ១៨,០០០នាក់ ហើយមានទីតាំងនៅប្រហែល ៤០ គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុង Chennai។

    អ្នកនាំពាក្យរបស់ Apple បានប្រាប់ BBC News ថា «បន្ទាប់ពីមានការព្រួយបារម្ភនាពេលថ្មីៗនេះអំពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌស្នាក់នៅ នៅក្នុងរោងចក្រ Foxconn Sriperumbudur ពួកគេបានបញ្ជូនក្រុមការងារចុះទៅត្រួតពិនិត្យ។ ហើយពួកគេបានរកឃើញមានកន្លែងស្នាក់នៅអន្តេវាសិកដ្ឋានដាច់ស្រយាលមួយចំនួន និងមានបន្ទប់ទទួលទានអាហារដែលត្រូវបានប្រើសម្រាប់និយោជិត មិនបានបំពេញតាមលក្ខខណ្ឌ។ ហើយនៅពេលនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីធានាបាននូវការកែតម្រូវយ៉ាងឆាប់រហ័សបំផុត»។

    Foxconn បានធ្វើការសុំទោសចំពោះស្ថានភាពមិនល្អនេះ និងបានយល់ព្រមធ្វើឱ្យប្រសើរឡើងនូវបរិក្ខាររបស់ខ្លួន ដោយពង្រីកកន្លែងរស់នៅ កែលម្អបន្ទប់ទឹក និងការផ្តល់ទឹកផឹកឱ្យបានគ្រប់គ្រាន់។ ក្រុមហ៊ុនក៏បានបន្តទៀតថា រោងចក្រមួយនេះនឹងបន្តដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ។

    ដំណឹងនេះ បង្ហាញពីការលំបាក ដែល Apple ត្រូវប្រឈមនឹងការផ្លាស់ប្តូរការផលិតឧបករណ៍របស់ខ្លួនចេញពីប្រទេសចិន ហើយបើយោងតាមរបាយការណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Apple បានជំរុញឲ្យអ្នកផ្គត់ផ្គង់ដូចជា Foxconn ដែលមានទីតាំងនៅតៃវ៉ាន់ ឱ្យផ្លាស់ទីផលិតកម្មទៅកាន់ប្រទេសផ្សេងទៀតដូចជាឥណ្ឌា និងវៀតណាម។

    គួរបញ្ជាក់ផងដែរថា Apple ត្រូវបានគេរិះគន់ម្តងហើយ ម្តងទៀត ចំពោះលក្ខខណ្ឌការងារដែលពាក់ព័ន្ធនឹងការផលិតឧបករណ៍របស់ខ្លួន ដែលរកបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ