• គ្រាន់តែឃើញលទ្ធផលចាប់ឆ្នោត អ្នកគាំទ្រកម្ពុជា ជឿថា ក្រុមគោព្រៃ អាចនឹងធ្វើរឿងនេះបាន

    អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមជម្រើសជាតិកម្ពុជា មានការជឿជាក់ថា ក្រុមគោព្រៃជំទង់របស់ខ្លួន នឹងអាចបង្កើតនៅកំណត់ត្រាល្អ ជាថ្មីម្តងទៀត សម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួត ពានរង្វាន់ AFF U23 Championship 2022 ក្នុងនាមជាម្ចាស់ផ្ទះ ដែលនឹងត្រូវធ្វើឡើង នៅក្នុងខែកុម្ភៈ ខាងមុខនេះ។

    បើទោះបីជា ការប្រកួតផ្លូវការ នៅសល់ពេលជាង១ខែទៀត ហើយក្រុមគោព្រៃកម្ពុជា ទើបតែបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី ប៉ុណ្ណោះ អ្នកគាំទ្រកម្ពុជា ដ៏ច្រើនលើសលុប បាននាំគ្នាបញ្ចេញមតិយោបល (ខមិន) នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេ សង្ឃឹម និងជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមិនខានឡើយ។

    ការផ្តល់ការជឿជាក់បែបនេះ គឺបន្ទាប់ពីអ្នកគាំទ្រកម្ពុជា បានមើលឃើញពីលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល នៃការប្រកួត AFF U23 Championship 2022 នេះ ដោយក្នុងនោះ ក្រុមម្ចាស់ផ្ទះកម្ពុជា ឈរនៅពេលA ជាមួយក្រុមទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ ដែលក្រុមទាំង៣នេះ សុទ្ធតែមានកម្រិតលេងប្រហាក់ប្រហែល ឬនៅទាបជាងកម្ពុជា។

    ផ្ទុយពីនេះ សម្រាប់ពូលC ដែលមានត្រឹម៣ក្រុមគឺ ថៃ វៀតណាម និងសិង្ហបុរី នោះ ត្រូវបានគេមើលឃើញថា បានក្លាយជាពូលមរណៈ ហើយនឹងមានការប្រកួតប្រជែងដ៏ក្តៅគគុកជាមុនឡើយ ព្រោះភ្លើងកម្តៅនៃការប្រឈមមុខគ្នារវាងក្រុមវៀតណាម និងថៃ ក្នុងការប្រកួតពាន AFF Suzuki Cup កាលពីពេលថ្មីៗនេះ នៅមិនទាន់អស់រងើកភ្លើងនៅឡើយទេ ដោយការប្រកួតនោះ ថៃ បានទម្លាក់ក្រុមវៀតណាម ក្នុងការប្រកួតទាំង២ជើងជាមួយលទ្ធផលសរុប ២-០ ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ ហើយនៅពេលនេះ ថៃ ក៏កំពុងរង់ចាំពិធីលើកពានផងដែរ ខណៈពួកគេ បានឈ្នះក្រុមឥណ្ឌូនេស៊ី ៤-០ ក្នុងជើងទី១ទៅហើយនោះ។

    ចំណែកពូលC ដែលមានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងក្រុមឡាវ ក៏អាចនឹងមានការប្រកួតប្រជែងតានតឹងជាងពូលA របស់កម្ពុជា ផងដែរ ខណៈការប្រកួត ដែលត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតតេជោ និងកីឡដ្ឋានព្រីនស៍ មួយនេះ កំណត់យកក្រុមលេខ១ តាមពូលទាំង៣ រួមទាំងក្រុមលេខ២ល្អ ចំនួន១ក្រុម សរុបចំនួន៤ក្រុម ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship នេះ កាលពីឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះកម្ពុជា បានបំបែកកំណត់ត្រា ឈ្នះកៅអីឡើងទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ ម្តងហើយ ប៉ុន្តែក្រុមកម្ពុជា បានចាញ់ក្រុមថៃ ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្រោយស្មើគ្នា ០-០ រួចបានបន្តទៅចាញ់ក្រុមវៀតណាម ១-០ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤។

    ទាក់ទងការប្រកួតនេះ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធាន AFF បាននិយាយ៖”នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ AFF U23 នឹងចាប់ផ្តើមប្រកួត ហើយអ្នកគាំទ្រក្នុងតំបន់របស់យើង នឹងលើកមេដាយអបអរសាទរក្រុម U23 ជម្រើសជាតិ ដែលពួកគេចូលចិត្តម្តងទៀត ហើយ AFF U23 Championship នឹងក្លាយជាការប្រកួតអចិន្ត្រៃយ៍ នៅក្នុងប្រតិទិននៃការប្រកួតរបស់យើង។ ការប្រកួតតាមក្រុមអាយុនេះ នឹងបំពេញបន្ថែមកម្មវិធី ដែលមានស្រាប់របស់ក្រុមអាស៊ីអាគ្នេយ៍ និងជួយពួកគេ ត្រៀមខ្លួនសម្រាប់ការប្រកួតសំខាន់ៗរួមមានអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ