• Toyota គ្រោង​បង្កើត​រោងចក្រ​គ្រឿងបង្គុំ​រថយន្ត​នៅកម្ពុជា

    វិស័យ​ឧស្សាហកម្ម​យានយន្ត​នៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែអភិវឌ្ឍទៅមុខ​ដោយបាន​ទាក់ទាញ​ក្រុមហ៊ុនធំៗមកបោះទុនវិនិយោគ​ជាបន្តបន្ទាប់​ ក្នុងការ​សាងសង់​រោងចក្រ​ដំឡើងរថយន្ត។

    កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ តាមរយៈការឱ្យដឹងពី​លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះថា ក្រុមហ៊ុន Toyota របស់​ជប៉ុន កំពុង​តែ​រៀបចំ​ស្នើសុំ​បង្កើត​រោងចក្រ​គ្រឿង​បង្គុំរថយន្ត​នៅកម្ពុជា ហើយ​ក៏មាន​ក្រុមហ៊ុន​ដទៃទៀត កំពុង​តែស្នើសុំ​បង្កើត​រោងចក្រ​ផលិតអគ្គិសនី​ដើរដោយ​ឧស្ម័ន​ធម្មជាតិ និង​ពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ផងដែរ។

    សូមបញ្ជាក់​ថា គិតមកដល់ចុងឆ្នាំ​២០២១នេះ ​ក្រុមហ៊ុន​សរុបទាំងអស់ចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន​ ៣ កំពុងបើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​ រួចមកហើយ។

    ១) ​ក្រុមហ៊ុន Hyundai ៖ កាល​ពី​ឆ្នាំ​ ២០១១ រោងចក្រ​ដំឡើង​រថយន្ត​​ដំបូង​របស់​ក្រុមហ៊ុន Hyundai បាន​ជ្រើសយកតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្ត​កោះ​កុង ធ្វើជាទីតាំង និងជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន KH Motors និង​ក្រុមហ៊ុន​លីយ៉ុងផាត់ (ខេមបូឌា)។ រោងចក្រ​​នេះ​អាច​ផ្គុំ​ដំឡើង​រថយន្ត​បាន​ចំនួន ៣ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ជា​ប្រភេទ SUV ជា​រថយន្ត​តួខ្ពស់ៗ, រថយន្ត​ច្រើន​បាំង (ឡានទួរីស៍) និង​ប្រភេទ​កូន​ឡានតូចៗនៅឆ្នាំ ២០១៧ ។

    ២) ក្រុមហ៊ុន Daehan ៖ កាលពី​ថ្ងៃ​ទី ៩ ឧសភា ២០១៨ ក្រុមហ៊ុន Daehan Auto មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចាប់ផ្ដើម​បើក​រោងចក្រ​ដំឡើង​រថយន្ត​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។ ក្នុង​មួយ​ឆ្នាំ​រោងចក្រ​អាច​ដំឡើង​រថយន្ត​ខ្ទង់ ២០០០០ គ្រឿង​។ រោងចក្រ​ខាងលើ​ដំឡើងបាន រថយន្ត​ជាច្រើនប្រភេទ​ ដែលមាន រថយន្តតូច​សំរាប់​គ្រួសារ រថយន្ត​សំរាប់ដឹកភ្ញៀវ​ រថយន្ត​សំរាប់​ដឹក​ឥវ៉ាន់​ និង​រថយន្ត​សំរាប់​ដឹកកម្មករ ជាដើម​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​​ចេញទៅ​ក្រៅ​ប្រទេស។

    ៣) ក្រុមហ៊ុន International VCV Industry CO,.ltd កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។

    ៤) ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១​ រោងចក្រ​ដំឡើង​រថយន្ត​​ Ford ដោយបោះទុនវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក។ រោងចក្រនោះមានទីតាំងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ