• បារាំង៖ ទីក្រុងប៉ារីស សម្រេចលុបចោលពិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មី ដោយសារបារម្ភពីមេរោគបំប្លែងថ្មី Omicron

    (ប៉ារីស)៖ អាជ្ញាធរទីក្រុងប៉ារីស នៃប្រទេសបារាំង នៅកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះបានប្រកាសពីការសម្រេចចិត្តលុបចោលពិធីបុណ្យបាញ់កាំជ្រួចអបអរ ឆ្នាំសកល ឬឆ្នាំថ្មី២០២២ខាងមុខនេះ ខណៈអឺរ៉ុបកំពុងដាក់ចេញវិធានការរឹតត្បិត COVID-19 ឡើងវិញ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងដែល បង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

    ការសម្រេចរបស់អាជ្ញាធរទីក្រុងប៉ារីស ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) បានព្រមានថាវីរុសបំប្លែងថ្មី Omicron អាចនឹងគ្រប់ដណ្ដប់ករណីឆ្លង COVID-19 ទាំងស្រុងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២។ ថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP ការិយាល័យចៅហ្វាយក្រុងប៉ារីស បានបញ្ជាក់ដូច្នេះថា «ការបាញ់កាំជ្រួច (អបអរថ្ងៃចូលឆ្នាំថ្មី) នឹងមិនកើតឡើង… ហើយយើងក៏សោកស្ដាយដែរចំពោះការលុបចោរាល់ពិធីបុណ្យទាំងអស់ដែលត្រូវបានគ្រោងទុកនៅឯ សំ អេលីហ្សេ (Champs Elysees) នៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ»។

    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ, អាល្លឺម៉ង់ បានប្រកាសចាត់ទុកបារាំង និងដាណឺម៉ាក ជាតំបន់មានហានិភ័យខ្ពស់ ជាមួយការដាក់ចេញវិធានការធ្វើ ចត្តាឡីស័ក លើអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងទាំងឡាយមកពីប្រទេសជិតខាងទាំង២នេះ ចាប់ពីថ្ងៃអាទិត្យនេះតទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ