• ព្រឹកនេះ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែមទៀតពី​ COVAX

    (ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

    ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

    មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។

    ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។

    ទន្ទឹមនឹងការចាក់ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋជាង ១៤លាននាក់ជិតរួចរាល់ជាស្ថាពរ ហើយបន្តចាក់ដូសជំរុញ ដូសទី៣ជូនប្រជាពលរដ្ឋផងដែរនោះ បច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាងជាង ៦លានដូស។

    រហូតមកដល់ពេលនេះមានប្រទេសជាច្រើនរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនទាន់គ្រប់តាមផែនការនៅឡើយ។ ដោយឡែកកម្ពុជា ចាក់ជូនប្រជាពលរដ្ឋជិតរួចរាល់ ហើយនៅសល់វ៉ាក់សាំងជាច្រើននៅក្នុងឃ្លាំង ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យយ៉ាងធំធេងរបស់កម្ពុជាលើនយោបាយវ៉ាក់សាំង។

    ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

    អានុភាពវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងរកមកចាក់ជូនប្រជាពលរដ្ឋ បាននឹងធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកសកម្មភាពសង្គមឡើងវិញយ៉ាងទូលាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ