• Tesla គ្រោង បន្ថែមទុនវិនិយោគជិត ១៨៨លាន ដុល្លារ ដើម្បី ពង្រីក សមត្ថភាពសង្វាក់ផលិកម្មនៅ សៀងហៃ

    (សៀងហៃ)៖ ក្រុមហ៊ុន Tesla គ្រោងវិនិយោគទឹកប្រាក់រហូតដល់ ១,២ពាន់លានយន់ (ប្រហែល ១៨៧,៩១លានដុល្លារអាមេរិក) ដើម្បីពង្រីកសមត្ថភាពផលិតកម្មនៅរោងចក្រនៅក្នុងទីក្រុងសៀងហៃ ព្រមទាំងបានផ្ដល់ឱកាសការងារថ្មីចំនួន ៤០០០នាក់ បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

    កាសែត Beijing Daily បានចេញផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ គ្រោងបន្ថែមកម្លាំងពលកម្មរហូតដល់ ១៩០០០នាក់ ប៉ុន្តែក្រោយមកបានកាត់បន្ថយនៅត្រឹម ៤០០០នាក់វិញ ខណៈដែលសមត្ថភាពនៃការផលិតរថយន្តមិនត្រូវបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសឡើយ បានត្រឹមតែដឹងថា រោងចក្រនៅក្នុងទីក្រុងសៀងហៃ នឹងដើរតួនាទីយ៉ាងសំខាន់មួយក្នុងការផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។

    ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅប្រទេសចិន បាននិងកំពុងកើនឡើង បើទោះបីជាមានសម្ពាធបទប្បញ្ញត្តិ និងជម្លោះជាមួយអ្នកប្រើប្រាស់លើសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យអំពីរបៀបដែលក្រុមហ៊ុនគ្រប់គ្រងទិន្នន័យក៏ដោយ ហើយដើម្បីដោះស្រាយបញ្ហាទាំងនេះ Tesla កាលពីថ្មីៗនេះ បាននិយាយថា ខ្លួនបានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងមជ្ឈមណ្ឌលទិន្នន័យ ដាច់ដោយឡែកមួយនៅក្នុងទីក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ក្នុងតំបន់។

    គួរបញ្ជាក់ផងដែរថា រោងចក្ររបស់ Tesla នៅក្នុងទីក្រុងសៀងហៃ នាពេលបច្ចុប្បន្នគឺមានសមត្ថភាពអាចផលិតរថយន្តបានរហូតដល់ ៥០០០០០គ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះមាន Model 3 និង Model Y ប៉ុន្តែតួលេខនែការផលិតជាក់ស្ដែងគឺបានត្រឹមតែ ៤៥០០០០ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ