• ខ្សែធំ! ជិះម៉ូតូ​បញ្រ្ចាស​ទិស រកបុកគេឯង សមត្ថកិច្ច​ស្ទាក់​ឃាត់ ស្រាប់​តែ​ផ្ទុះ​កំហឹង​រក​វាយ​សមត្ថកិច្ចថែមទៀត

    ពិតជាមិនធម្មតានោះទេ បុរសម្នាក់ដែលបានអះអាងថាខ្លួនជាស័ក្ត៣ បានបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា ចង់រកវាយសមត្ថកិច្ច និងគំរាមដកស័ក្តចោលទៀតផង បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ម៉ូតូ ព្រោះជិះបញ្ច្រាសទិស និងរកបុកគេឯង ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

    បើតាមសមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ខណៈកំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ (ពាក់អាវស ម៉ូតូគ្មានកញ្ចក់) ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ បណ្តាលឲ្យដួលម៉ូតូខ្លួនឯង តែមិនមានរងរបួសអ្វីនោះទេ។

    បន្ទាប់លើកម៉ូតូរួច បុរសចិត្តខ្លាំងខាងលើ បានបញ្ចេញកាយវិការដ៏ក្អេងក្អាង ចង្អុល និងប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចជាច្រើនរូប ជាពិសេស គឺស្ទុះរកវាយសមត្ថកិច្ចម្នាក់ចង់សុីសាច់ និងគំរាមដកស័ក្តចេញពីស្មារថែមទៀតផង ព្រោះខឹងសមត្ថកិច្ចរូបនោះស្រែកថារូបគេជាចោរ និងបានអះអាងថាខ្លួនជាស័ក្ត៣ និងចេះក្បាច់គុណ កុំចង់សាកឲ្យសោះ។

    តែទោះយ៉ាងណា បើតាមប្រភពបានឲ្យដឹងថា បុរសជើងខ្លាំងហាក់មានសតិមិនសូវល្អ ឬ ចរិកកោងកាចពីកំណើតរូបនេះ ត្រូវបានសមត្ថកិច្ចប្រចាំគោលដៅខាងលើ បានរាយការណ៍និងសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ