• WHO ប្រកាស៖ «វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងកូវីដ-១៩ បាន ៤០% នៅទូទាំងពិភពលោក»

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ ចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងហ្សឺណែវថា វ៉ាក់សាំងបង្ការ COVID-19 ទាំងឡាយ អាចកាត់បន្ថយការឆ្លងមេរោគបំប្លែងខ្លួន Delta បានក្នុងរង្វង់ ៤០% ហើយអង្គការនេះក៏បានព្រមានផងដែរ ចំពោះអ្នកកំពុងយល់ខុសថា ខ្លួនមានសន្តិសុខពេលលេញ ក្រោយពីបានចាក់វ៉ាក់សាំងរួចរាល់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

    អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងថា ប្រជាជនជាច្រើនដែលបានចាក់វ៉ាក់សាំងរួច កំពុងគិតថាវ៉ាក់សាំងអាចការពារពួកគេបាន ហើយពួកគេមិនចាំបាច់ត្រូវការ អនុវត្តវិធានការការពារខ្លួនអ្វីទៀតនោះឡើយ។

    អគ្គនាយក WHO រូបនេះ បានជំរុញឲ្យអ្នកដែលបានចាក់វ៉ាក់សាំងរួច នៅទូទាំងពិភពលោក ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងរោគ ហើយចម្លងបន្តទៅកាន់អ្នកដទៃ។ លោក Tedros បានសង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាត្រូវតែយល់ដឹងអំពីឥទ្ធិពលនៃវីរុសបំប្លែងខ្លួន Delta ហើយទិន្នន័យថ្មីខាងលើនេះពិតជាបង្ហាញថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពទាំងស្រុង ដើម្បីការពារអ្នកមិនឲ្យឆ្លងវីរុសនេះឡើយ។

    លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភចំពោះការគិតខុសអំពីសុវត្ថិភាពថា វ៉ាក់សាំងអាចបញ្ចប់ការរាតត្បាតនៃជំងឺ (COVID-19) ហើយអ្នកដែលត្រូវបានចាក់វ៉ាក់សាំងបង្ការរួច មិនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នទៀត។ ប្រាកណាស់, វ៉ាក់សាំងអាចជួយសង្គ្រោះជីវិត ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនអាចការពារការចម្លងបានទាំងស្រុងនោះឡើយ»។

    បើតាមការប្រៀបធៀបទិន្នន័យពី WHO, នៅមុនការមកដល់នៃវីរុស Delta វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងរាតត្បាត COVID-19 បានរហូតដល់ទៅ ៦០% ឯណោះ។ ក៏ប៉ុន្តែនៅពេលវីរុសបំប្លែងខ្លួន Delta នេះចាប់ផ្តើមលេចវត្តមាន និងរាតត្បាតខ្លាំងឡើង ប្រសិទ្ធភាពរបស់វ៉ាក់សាំងជារួម បានថមថយមកនៅត្រឹម ៤០% ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ