• Apple ប្តឹងក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែលលក់កម្មវិធីឱ្យភ្នាក់ងាររដ្ឋាភិបាលដើម្បី Hack ចូល iPhone

    (អាមេរិក)៖ ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្តឹងក្រុមហ៊ុន NSO Group បន្ទាប់ពីក្រុមហ៊ុនអ៊ីស្រាអែលមួយនេះ បានលក់កម្មវិធី (Software) ទៅឱ្យភ្នាក់ងាររដ្ឋាភិបាល ដែលអាចឱ្យពួកគេ Hack ចូលទៅកាន់ iPhone បាន ជាពិសេសគឺអាចចែកមើលទិន្នន័យនៅក្នុង iPhone រួមមានសារទៀតផង។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមឆ្នាំនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយថា ខ្លួនបានរកឃើញទូរស័ព្ទ iPhone ម៉ូឌែលថ្មីៗ ដែលជាកម្មសិទ្ធិរបស់អ្នកសារព័ត៌មាន និងមេធាវីសិទ្ធិមនុស្ស បានឆ្លងមេរោគប្រភេទ malware របស់ ក្រុមហ៊ុន NSO Group ដែលហៅថា Pegasus។

    ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុនផលិត iPhone មួយនេះកំពុងតែស្វែងរកវិធីសាស្ត្រផ្លូវច្បាប់ណាមួយ កក្នុងការហាមឃាត់ការលក់ Software របស់ក្រុមហ៊ុន NSO Group ក្នុងការប្រើដើម្បី Hack ចូល iPhone ហើយក៏បានត្រៀមពាក្យបណ្ដឹង និងការទាមទារប្រាក់ចំណងការខូចខាត តាមផ្លូវច្បាប់ដែលគិតជាទឹកប្រាក់មានចំនួន ៧៥០០០ដុល្លារផងដែរ។

    លោក Ivan Krstic ប្រធានផ្នែកវិស្វកម្មសន្តិសុខ និងស្ថាបត្យកម្មរបស់ក្រុមហ៊ុន Apple បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «អ្វីដែល Apple បានធ្វើនៅពេលនេះគឺចង់បង្ហាញសារដ៏ច្បាស់លាស់ និងជឿជាក់មួយទៅកាន់សង្គមសេរីថា ខ្លួនមិនអាចទទួលយកបាន នោះទេ ចំពោះការវាយប្រហារដោយប្រើ spyware និងមានការគាំទ្រពីរដ្ឋាភិបាលទៀតនោះ វាគឺជាទង្វើដ៏មានឥទ្ធិពលមួយដែលប្រឆាំងនឹង អ្នក ប្រើប្រាស់ស្លូតត្រង់ ជាពិសេសចំពោះយើងដែលកំពុងតែព្យាយាមធ្វើឱ្យពិភពលោកក្លាយទៅជាកន្លែងប្រសើរជាងមុន»។

    ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា ពាក្យ បណ្ដឹងមួយ នេះ ចាត់ទុកជា ការ ព្រមាន ដល់ អ្នក លក់ Spyware ផ្សេង ទៀត ដែលមានបំណង ចង់ យាយីមកលើក្រុមហ៊ុន Apple ជាពិសេសអ្នកប្រើប្រាស់ដ៏ស្លូតត្រង់របស់ខ្លួន។

    នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា «កម្មវិធី NSO Group ត្រូវបានទទួលការអនុញ្ញាតឱ្យការវាយប្រហារ ពីសំណាក់ រដ្ឋាភិបាល និងទទួលបានការឧបត្ថម្ភតាមរយ:ការបង់ប្រាក់រាប់រយលានដុល្លារដើម្បីកំណត់គោលដៅ និងវាយប្រហារ មកលើអ្នកប្រើប្រាស់ ដើម្បីប្រមូលព័ត៌មានដែលចាប់អារម្មណ៍»។

    malware របស់ក្រុមហ៊ុន NSO Group គឺមានលទ្ធភាពអាចតាមដានសកម្មភាពរបស់ម្ចាស់ iPhone ពីចម្ងាយ, ប្រមូលអ៊ីមែល, សារជាអក្សរ និងប្រវត្តិរុករក (browsing history) និងចូលប្រើមីក្រូហ្វូន (microphone) និងកាមេរ៉ា បានថែមទៀតផង។ នេះបើយោងតាមការបញ្ជាក់នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Apple។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Apple បាននិយាយថា ការវាយប្រហារនេះគឺផ្តោតតែលើអតិថិជនមួយចំនួនតូចប៉ុណ្ណោះ ហើយខ្លួនក៏បានជូនដំណឹងដល់អ្នកប្រើប្រាស់ iPhone ដែលអាចត្រូវបានកំណត់គោលដៅដោយមេរោគ Pegasus រួចហើយផងដែរ។

    Amnesty International បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងនៃទូរស័ព្ទ iPhone 12 ដែលបានរងការវាយប្រហារ ហើយទទួលបានបញ្ជីលេចធ្លាយនៃលេខទូរស័ព្ទចំនួន ៥០០០០ ដែលកំណត់គោលដៅដោយកម្មវិធី NSO Group ។ កម្មវិធី NSO Group ត្រូវបានគេចោទប្រកាន់ថាត្រូវបានប្រើប្រាស់ដើម្បីតាមដានសាច់ញាតិ និងមនុស្សជិតស្និទ្ធនឹងលោក Jamal Khashoggi ដែលជាអ្នកសរសេរអត្ថបទរបស់សារព័ត៌មាន Washington Post ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសតួកគី ដោយឃាតករបានធ្វើការក្នុងនាមតំណាងឱ្យអារ៉ាប៊ីសាអូឌីត។

    Amnesty International ក៏បាននិយាយថា ខ្លួនបានរកឃើញមេរោគ NSO Group នៅលើ iPhones របស់មេធាវីសិទ្ធិមនុស្សជនជាតិបារាំង សកម្មជនជនជាតិបារាំង អ្នកកាសែតឥណ្ឌា និងសកម្មជន Rwandan ផងដែរ។

    ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ NSO Group ចូលក្នុងបញ្ជីខ្មៅ កាលពីដើមខែនេះ និងបានហាមក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនមួយនៅក្នុងប្រតិបត្តិការរបស់ខ្លួន ខណ:ដែល Meta ក្រុមហ៊ុនធំរបស់ Facebook ក៏កំពុងប្តឹង NSO Group ដោយបានចោទប្រកាន់ថា បាន Hack អ្នកប្រើប្រាស់ WhatsApp ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបរិច្ចាគ ១០លានដុល្លារអាមេរិក ដល់អង្គការនានាដែលបានចូលរួមក្នុងសមភាព ប្រយុទ្ធប្រឆាំងនឹងការឃ្លាំមើលនៅលើពិភពឌីជីថល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ