• កម្ពុជា និងក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគ​មន្ទីរ​ពេទ្យដ៏ធំមួយនៅកម្ពុជា តម្លៃ ៨០លានដុល្លារ

    ភ្នំពេញ៖ ក្រុមប្រតិភូមកពីក្រុមហ៊ុន inje joint venture (អិនជេ ចញ វេនឈ័រ ) នៃប្រទេសកូរ៉េ បានចុះមកសិក្សា គម្រោងបង្កើតមន្ទីរពេទ្យមួយដ៏ធំ និងដំបូងគេបង្អស់នៅកម្ពុជា ដែលគម្រោងនេះ ផ្ដល់ថវិកាកម្ចី ដោយធនាគាររបស់ប្រទេសកូរ៉េ និងការចូលរួមជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

    មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យមួយដ៏ធំសម្រាប់បម្រើជួយដល់និស្សិតសិក្សា និងសម្រាប់ព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេស។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូ មកពីប្រទេសកូរ៉េ ដើម្បីធ្វើការពិភាក្សាលើការងារសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិកា ររវាងកម្ពុជា និងកូរ៉េ។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េ បានទទួលជួបសំណេះសំណាលជាមួយនឹងឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជាក្រុមហ៊ុនមួយដែលទទួលបានការជោគជ័យ ក្នុងការសិក្សាដោះស្រាយមុន នឹងធ្វើការសាងសង់។

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា មន្ទីពេទ្យមួយនេះ គឺជាមន្ទីពេទ្យសាកលវិទ្យាល័យ ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការផ្ដល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាលកម្ពុជា។ លោកជំទាវ បានបន្តថា គម្រោងសាងសង់នេះ ទទួលបានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងនៅផ្លូវកប់ស្រូវ ក្នុងទំហំដីជាង២ ហិកតា អាចដាក់គ្រែបាន៤០០ ចំណាយទឹកប្រាក់សរុប ៨០ លានដុល្លារ ក្នុងនោះ ៦៦ លានដុល្លារ ជាប្រាក់កម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១៤ លានដុល្លារសហរដ្ឋអាមេរិក។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ មន្ទីរពេទ្យសាកលវិទ្យាល័យនេះ អាចផ្ដល់ជាកន្លែងផ្ដល់ការសិក្សាដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ​ឬសាកលវិទ្យាល័យ ដើម្បីមកធ្វើការអនុវត្តសិក្សារបស់ខ្លួន ក្នុងវិស័យសុខាភិបាល ដោយសារតែមានសាស្ត្រាចារ្យមួយចំនួន ដែលមានជំនាញ​ និងបទពិសោធន៍​ នឹងចូលរួមបណ្ដុះបណ្ដាលដល់និស្សិតកម្ពុជានៅទីនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ