• ប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ ប្រកាសបង្ហាញគម្រោងសាងសង់ទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក

    (បរទេស)៖ ប្រធានាធិបតីរបស់ប្រទេសអែលសាល់វ៉ាឌ័រលោក Nayib Bukele បានប្រកាសនឹងបង្កើតទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក ក្រោមមូលនិធិបត្របំណុដែលគាំទ្ររូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូ Bitcoin។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

    ការប្រកាសបង្ហាញគម្រោងដ៏អស្ចារ្យមួយនេះវាគឺជាយុទ្ធសាស្ត្រក្នុងការពង្រីក និងបង្កើនការជឿជាក់របស់លោកប្រធានាធិបតីទៅលើរូបិយប័ណ្ណឌីជីថល Bitcoin ដោយសង្ឃឹមថានឹងអាចទាញយកវិនិយោគពីក្រៅប្រទេសកាន់តែច្រើនថែមទៀត។

    ថ្លែងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីរូបិយប័ណ្ណឌីជីថល Bitcoin លោកប្រធានាធិបតីបានបញ្ជាក់ឱ្យដឹងថា ទីក្រុងដែលបានគ្រោងបង្កើតនោះគឺស្ថិតនៅតំបន់ភាគខាងកើតនៃតំបន់ La Union ដែលជាកន្លែងទទួលបានថាមពលកំដៅពីភ្នំភ្លើង ហើយរដ្ឋាភិបាលមិនយកពន្ធណាមួយឡើយ លើកលែងតែពន្ធលើតម្លៃបន្ថែម (VAT)។

    «ការវិនិយោគនៅទីនេះ ហើយរកលុយទៅតាមអ្វីដែលអ្នកចង់បាន។ ទីនេះគឺជាទីក្រុងពោរពេញទៅដោយប្រព័ន្ធអេកូឡូស៊ី១០០ភាគរយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Nayib Bukele។

    លោក Nayib Bukele បាននិយាយថា ពាក់កណ្តាលនៃពន្ធ VAT នឹងត្រូវប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់មូលបត្របំណុលដែលបានចេញដើម្បីសាងសង់ទីក្រុងនេះ ហើយពាក់កណ្តាលទៀតនឹងចំណាយសម្រាប់សេវាកម្មផ្សេងៗ ដូចជាការប្រមូលសំរាមជាដើម ខណៈដែលតាមការប៉ាន់ប្រមាណ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនឹងត្រូវចំណាយប្រហែល ៣០០,០០០ bitcoins ។

    ប្រទេសអែលសាល់វ៉ាឌ័រ កាលពីខែកញ្ញា បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលយក bitcoin ជាការដេញថ្លៃស្របច្បាប់ ប៉ុន្តែបើទោះបីជាប្រធានាធិបតីដ៏មានប្រជាប្រិយមួយរូបនេះប្រកាសទទួលស្គាល់ Bitcoin ក្ដី ក៏ការស្ទង់មតិបង្ហាញថា ប្រជាជនអែលសាល់វ៉ាឌ័រមានការសង្ស័យទៅលើរូបលោកប្រធានាធិបតីក្រោមហេតុផលផ្សេងៗជាច្រើន ព្រោះថារូបិយប័ណ្ណឌីជីថលមួយនេះវាអាចជាមធ្យោបាយក្នុងការលាងលុយខ្មៅជាដើម ខណ:ដែលកន្លងមកក៏មានការបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងនេះផងដែរ។

    គួរបញ្ជាក់ផងដែរថា «Bitcoin City» នឹងត្រូវសាងសង់ឡើងមានរាងជារង្វង់ដោយមានព្រលានយន្តហោះ តំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម ជាពិសេសគឺនឹងមានការរចនាឡើងនូវនិមិត្តសញ្ញា bitcoin សម្រាប់ការមើលពីលើអាកាស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ