• Google ត្រូវបានរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ប្ដឹងក្រោមបទចោទប្រកាន់ប្រឆាំងសេចក្ដីទុកចិត្ត

    (អាមេរិក)៖ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet មេធំរបស់ Google ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានប្រើល្បិចបង្ខិតបង្ខំ និងបំពានច្បាប់ប្រឆាំងការទុកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែត្រូវបាន Google ច្រានចោល។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក តំណាងឱ្យរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន Google ថាបានប្រើល្បិតផ្ដាច់មុខ និងបានបង្ខិតបង្ខំទៅលើ អ្នកផ្សាយពាណិជ្ជកម្មឱ្យទទួលយកលក្ខខណ្ឌដែលខ្លួនបានកំណត់ និងពាក្យបណ្ដឹងថ្មីមួយទៀតគឺ Google បានធ្វើការប្រកួតប្រជែងដោយភាព មិនស្មោះត្រង់។

    នៅក្នុងពាក្យបណ្ដឹងក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន Google បានប្រើប្រាស់កម្មវិធីសម្ងាត់មួយដែលមានឈ្មោះថា Project Bernanke កាលពីឆ្នាំ ២០១៣ ដើម្បីប្រើប្រាស់ទិន្នន័យដេញថ្លៃការផ្សាយពាណិជ្ជកម្ម ក្នុងគោលដៅទាញយកផលប្រយោជន៍សម្រាប់ការទិញការផ្សាយ ពាណិជ្ជកម្មនៅលើ Google Ads ដោយក្នុងនោះ Google បានទម្លាក់តម្លៃរបស់គូប្រកួតប្រជែង និងបានបំប៉ោងតម្លៃសម្រាប់ការដេញថ្លៃ នៅលើ Google Ads ដើម្បីទទួលបានតម្លៃខ្ពស់។

    ពាក់ព័ន្ធនឹងពាក្យបណ្ដឹងខាងលើនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានលើកឡើងថា ការចោទប្រកាន់នេះហាក់ដូចជាមិនត្រឹមត្រូវ និង មិនមានអ្វីសំអាងច្បាស់លាស់ឡើយ ហើយ Google ក៏មិនបានធ្វើដូចការចោទប្រកាន់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google ថ្មីៗនេះ បានបរាជ័យនៅក្នុងបណ្ដឹងឧទ្ធរណ៍ក្នុងការទាមទារឱ្យគណៈកម្មការអឺរ៉ុប (EU) បោះបង់ចោលការចោទប្រកាន់ និងការផាក ពិន័យជាប្រាក់ ២,៤២ពាន់លានអឺរ៉ូ ជុំវិញការចោទប្រកាន់ថាបានជ្រៀតជ្រែង និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការប្រម៉ូតសេវាកម្ម Google Shopping នៅលើ Google Search ដែលវាបាន ខុសនឹងច្បាប់ប្រកួតប្រជែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ