• ក្នុងឆ្នាំ ២០១៨ Facebook រកឃើញថា ៥០% នៃ​ការ​ផ្ញើ​សារ​ជា​សំឡេង​ទាំង​អស់​​ក្នុង​​ Messenger ចេញ​ពី​កម្ពុជា​

    នៅ​ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​ Facebook បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ជាង​ ៥០% នៃ​​ការ​ផ្ញើ​សារ​ជា​សំឡេង​ទាំង​អស់​​នៅ​ក្នុង​កម្មវិធី​ Messenger គឺ​​ចេញ​ពី​ អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ឯកសារ​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​ដែល ​ទម្លាយ​ដោយ​កញ្ញា​ Frances Haugen អតីតអ្នកគ្រប់គ្រងផ្នែក​ផលិតរបស់ Facebook ដោយ​មាន​ការ​ចុះ​ផ្សាយ​នៅ​​សារព័ត៌មាន​ Rest of World ។

    ដោយ​សារ​តែ​​​ការ​ផ្ញើ​សារ​ជា​សំឡេង​នៅ​កម្ពុជា​មាន​លក្ខណៈ​ច្រើន​លើស​លុប​បែប​នេះ​​ នៅ​ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​ Facebook ក៏​បាន​ធ្វើ​ស្ទង់មតិ​លើ​អ្នក​ប្រើ​ប្រាស់​មក​ប្រទេស​ដែល​មាន​ការ​ប្រើប្រាស់​ផ្ញើ​សារ​ជា​សំឡេង​ច្រើន​ ដែល​នៅ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ដើម្បី​ស្វែង​រក​មូលហេតុ​ថា​ តើ​នេះ​ដោយ​សារ​កម្រិត​យល់​ដឹង​នៃ​ការប្រើប្រាស់​ ឬ​សរសេរ​អក្សរ​​នៅ​​មាន​កម្រិត​ទាប​ ឬ​ក៏​យ៉ាង​ណា​?​

    បើ​ប្រភព​ដដែល​ខាង​លើ​ ជា​ការ​សន្និដ្ឋាន​ទូទៅមូលហេតុ​ដែល​ប្រើ​ប្រាស់​ការ​ផ្ញើ​សារ​ជា​សំឡេង​នេះ​គឺ​ថា​ ការ​សរសេរ​ និង​ប្រើ​ប្រាស់​ជា​ភាសា​របស់​ពួក​គេ​​នៅ​មាន​ការ​លំបាក​ដោយសារ​តែ​ភាព​ស្មុគស្មាញ​នៃ​ភាសា​ និងប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ដូច​ជា​នៅ​លើ​ទូរស័ព្ទ​ទំនើប​ជា​ដើម​នៅមានកម្រិតចំពោះភាសារបស់​ពួកគេ។ លើស​ពី​នេះ​ចំពោះ​បណ្ដាញ​សង្គម​ផ្សេងៗ​ដូច​ជា​ Telegram និង​ WhatApp ជា​ដើម​ ក៏​ពួក​គេ​នៅ​តែ​ប្រើ​ប្រាស់​ការ​ផ្ញើ​សារ​ជា​សំឡេង​ច្រើន​ជាង​ផង​ដែរ​។

    ជាក់ស្ដែង​ដូច​ជា​ភាសា​ខ្មែរ​ ដែល​មាន​ព្យញ្ជនៈ​ ​ស្រៈ​ និង​សញ្ញា​នានា​ទាំង​អស់​រហូត​ដល់​ ៧៤​តួ​ ដែល​បង្ក​ជា​​ភាព​ស្មុគស្មាញ​ច្រើន​នៅ​ពេល​វាយ​នៅ​លើ​ទូរស័ព្ទ​ ដោយ​តម្រូវ​ឲ្យ​ក្ដារ​ចុក​ពីរ​ និង​អ្នក​ប្រើ​ប្រាស់​ឆ្លាស់​ក្ដារចុច​ចុះ​ឡើង​។ មិន​តែ​ប៉ុណ្ណោះ​ វា​មាន​ការ​លំបាក​ នៅ​ពេល​សរសេរ​ ក៏​ដូច​ជា​នៅ​ពេល​ដែល​ផ្ញើ​សំណេរ​ទៅ​កាន់​ ទូរស័ព្ទ​ដៃ​ផ្សេង​ដែល​មិន​មាន​ ឬ​មិន​ស្គាល់​ភាសា​ខ្មែរ​នេះ​ ដូច្នេះ​ហើយ​ជា​ហេតុ​នាំ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​នេះ​ ប្រើ​សារ​សំឡេង​ជំនួស​ អ្នក​ខ្លះ​អាច​ជា​សរសេរ​បែប​ឡាតាំង​ តែ​ប្រកប​ជា​ខ្មែរ​ និង​អ្នក​ខ្លះ​ទៀត​សរសេរ​ភាសា​អង់គ្លេស​តែ​ម្ដង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ