• បង្ក្រាបគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង១៦៧គីឡូក្រាម

    (ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនសញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ។

    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ គោលដៅទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។

    ចំពោះលទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា និងដកហូត ថ្នាំអ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥ ៩២២គ្រាប់ ស្មើទម្ងន់ជាង ២៨គីឡូក្រាម, ថ្នាំអ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ជាង៦០គីឡូក្រាម, អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ជាង៥០គីឡូក្រាម, អ៊ិចស្តាស៊ីក្រាម (MDMA) ទម្ងន់ជាង២៤គីឡូក្រាម, នីមេតាហ្សេប៉ាម (Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ជិត២គីឡូក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់៩៨.៩៧ក្រាម, កេតាមីន (Ketamine) ទម្ងន់ ២.៣២ក្រាម រួមទាំងចាប់យកសម្ភារៈ អាវុធខ្លី១ដើម (គ្រាប់ ៦) ជញ្ជីង១គ្រឿង រថយន្ត១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។

    ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ