• «Are You Ok?» កំពុងឈានទៅដណ្តើមកំណត់ត្រា បទ «Time to Rise» ដែលកើនចំនួនចូលទស្សនាយ៉ាងរហ័សរយៈពេលដ៏ខ្លី

    (ភ្នំពេញ)៖ បទចម្រៀងមានចំណងជើងថា «Are You Ok?» ដែលត្រូវបានផលិតកម្ម Galaxy Navatra បញ្ចេញជា Full MV ជាផ្លូវការ នៅព្រឹកមិញនេះ កំពុងតែទទួលការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីទស្សនិកជន ពោលគឺត្រឹមរយៈពេលតែ៦ម៉ោងដំបូងប៉ុណ្ណោះ គឺមានអ្នកចូលទស្សនារហូតដល់ជាងកន្លះលាន View។ ប្រការនេះ បានធ្វើឲ្យបទ «Are You Ok?» របស់ តន់ ចន្ទសីម៉ា កំពុងឈានទៅដណ្តើមកំណត់ត្រាបទចម្រៀង «Time to Rise» របស់តារារ៉េប វណ្ណដា ដែលមានអ្នកមើលច្រើន ក្នុងរយៈពេលដ៏ខ្លី។

    កន្លងទៅស្នាដៃបទចម្រៀងថ្មីដំបូង ដែលពុំធ្លាប់មានកន្លងមករបស់ វណ្ណដា ចាប់ដៃគូជាមួយលោកតា គង់ណៃ ក្នុងបទចម្រៀង «Time to Rise» ត្រូវបានគេដឹងថា បានបំបែកកំណត់ត្រាក្នុងរយៈពេលត្រឹមតែ២២ម៉ោង និង៥៥នាទី មានអ្នកចូលទស្សនា ១លានដងឯណោះ។ តែនៅពេលនេះ បទម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra កំពុងតែឈានជើង ទៅដណ្តើមតំណែងរបស់បទ «Time to Rise» ក្នុងនាមជា MV ចម្រៀងដែលកើនឡើងចំនួន View យ៉ាងរហ័ស រយៈពេលដ៏ខ្លី ពោលបើគិតត្រឹមតែរយៈពេល៦ម៉ោងដំបូង បទ «Are You Ok?» មានចំនួនចូលទស្សនាក្នុង YouTube រហូតដល់ជាងកន្លះលាន View។

    បទ «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ជាស្នាដៃបង្ហើរសំនៀងដោយតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានបញ្ចេញនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ចម្រៀងមួយនេះ បានសម្រេចបញ្ចេញ MV ជាផ្លូវការ ក្រោយពីទទួលបានការអនុញ្ញាតិឲ្យផលិត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ទិដ្ឋាការឲ្យចេញផ្សាយជាផ្លូវការ។

    បទ «Are You Ok?» ត្រូវបានគេចាត់ទុកថា ជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង TikTok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក កាលពីបញ្ចេញ Trailer ដំបូង។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra ដោយប្រើប្រាស់បច្ចេកទេសថត ពីកាមេរ៉ាទំនើប ទើបនាំចូលពីបរទេស។ ការផលិត MV ចម្រៀងនេះ បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ «Are You Ok?» ពីអ្នកលេង TikTok ម្នាក់នៅខេត្តកំពត ក្នុងតម្លៃ ១២.០០០ដុល្លារអាមេរិក។

    បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ «Are You Ok?» បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ។

    អ្នកទស្សនាក្នុងបណ្តាញសង្គម YouTube កាលដែលបានទស្សនានិងស្តាប់បទនេះហើយ សុទ្ធតែបានសរសើរគ្រប់ៗគ្នា ពីភាពទាក់ទាញ ភាពច្នៃប្រឌិតនៃបទចម្រៀងមួយនេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ «Are You Ok?» នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងបណ្តាញសង្គម YouTube ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ