• គ្រឿងញៀនជិត២គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាននៅខេត្តកំពង់ចាម

    (កំពង់ចាម)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ជិត២គីឡូក្រាម នៅខេត្តកំពង់ចាម។

    ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

    ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី និងលោក ឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងមានការសម្របសម្រួលពីលោក ហាក់ ហ៊ាន់ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមផ្លូវមាត់ទន្លេជិតផ្សាររាត្រី សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១៖ ឈ្មោះ សាត សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ សឿង សុខនី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបានគ្រឿងញៀន មេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូ៩៨៦.១៨ក្រាម មធ្យោបាយរថយន្តម៉ាក TOYOTA CAMRY ១គ្រឿង, ទូរស័ព្ទដៃ៦គ្រឿង។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម តាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ