• កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនពិតជាបានធ្វើតេស្ត មីស៉ីលបាលីស្ទីក (SLBM) «ប្រភេទថ្មី» ចេញពីនាវាមុជទឹក

    (សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះថា ប្រទេសនេះពិតជាបានធ្វើតេស្ត មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿងប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានអះអាងជាបន្តបន្ទាប់ អំពីការចាប់បានសញ្ញានៃការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    ក្រុមជំនាញកូរ៉េខាងត្បូងបានអះអាងថា មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង ទើបបាញ់សាកល្បងកាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា គឺជាប្រភេទមីស៊ីលបាលីស្ទីក «SLBM» ដែលបាញ់ចេញពីនាវាមុជទឹក (ជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ខណៈប្រទេសជប៉ុនពីដំបូងឡើយបានអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល SLBM នេះរហូតដល់ទៅ ២គ្រាប់ឯណោះ។ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងខាងលើនេះ បានហោះហើរក្នុងចម្ងាយចាប់ពី ៤៣០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រ។

    យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃពុធនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា គ្រាប់មីស៊ីល SLBM «ប្រភេទថ្មី» ត្រូវបានបាញ់ចេញពីនាវាមុជទឹកមួយគ្រឿង ដែលបានត្រូវបានប្រើប្រាស់ម្តងរួចមកហើយ ក្នុងការធ្វើតេស្ត SLBM «ស៊េរីចាស់» កាលពីឆ្នាំ២០១៦។

    បើតាមក្រុមអ្នកជំនាញអន្តរជាតិ ដែលបានមើលឃើញរូបភាពបាញ់សាកល្បងមីស៊ីល បញ្ចេញដោយប្រទេសកូរ៉េខាងជើងនោះថា គ្រាប់មីស៊ីល SLBM ថ្មីខាងលើនេះ គឺមានរូបរាងតូច និងស្តើងជាង បើធៀបនឹងគ្រាប់មីស៊ីល SLBM ដែលទីក្រុងព្យុងយ៉ាងបានបង្ហាញកាលពីមុន ឬអាចថា វាជាគ្រាប់មីស៊ីល ដែលពុំធ្លាប់មានអ្នកបានឃើញនោះឡើយពីមុនមក។

    ក្រុមអ្នកជំនាញថែមទាំងបានអះអាងទៀតថា គ្រាប់មីស៊ីលដែលមានទំហំកាន់តែតូច នោះក៏មានន័យថា វាអាចផ្ទុកបានកាន់តែច្រើននៅក្នុងនាវាមុជទឹកតែមួយគ្រឿង បើទោះបីជាត្រូវថមថយរយៈចម្ងាយ នៃការបាញ់ក៏ដោយ។ វាក៏មានន័យថា ការអភិវឌ្ឍនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាកំពុងរីកចម្រើនកាន់តែលឿន ដែលអាចឈានទៅដាក់ឲ្យធ្វើប្រតិបត្តិការនៅថ្ងៃអនាគត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ