• តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនថៅកែ និងមេកាស្ថានីយ៍ប្រេងឥន្ធន:៣នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារដោយសារលក់ប្រេងមិនគ្រប់លីត្រ

    (កណ្ដាល)៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ជាសុខហេង បានសម្រេចឃុំខ្លួនថៅកែស្ថានីយ៍ប្រេងឥន្ធន:ចំនួន២នាក់ និងមេកាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ត ក្រោយជំនាញ ក.ប.ប រកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធការលក់ប្រេងឥន្ធន:មិនគ្រប់ចំនួនលីត្រ និងក្លែងបន្លំគុណភាពប្រេង។

    នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់ភ្នាក់ងារ នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

    ជនទាំង៣នាក់ ត្រូវបានសម្រេចចោទប្រកាន់ក្នុងបទល្មើស «ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា»។

    សូមបញ្ជាក់ថា ថៅកែស្ថានីយប្រេងឥន្ធនៈចំនួន២នាក់ និងមេកាម្នាក់ដែលពាក់ព័ន្ធនឹងករណីលក់ប្រេងឥន្ធនៈមិនប្រក្រតី (មិនគ្រប់លីត្រ) ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ។

    តាមរបាយការណ៍របស់នគរបាល ដែលបណ្តាញព័ត៌មានទទួលបាន បញ្ជាក់ថា ករណីនេះបានកើតហេតុនៅថ្ងៃទី១២ ខែតុលា ២០២១ វេលាម៉ោង៧៖០០នាទី នៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

    ជនសង្ស័យ៣នាក់ដែលបញ្ជូនទៅតុលាការនោះ រួមមាន៖

    ទី១៖ ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
    ទី២៖ ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
    និងទី៣៖ ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    សមត្ថកិច្ចបានអះអាងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦៖៤០នាទី ក្រុមគណៈកម្មាធិការចម្រុះប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតីជាលទ្ធផលរួមមាន៖

    *ដេប៉ូ «ម៉ាក់មុីមុី» លក់ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។

    *ដេប៉ូ «ចាន់ ធឿន» លក់ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។

    លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១២០២១ វេលាម៉ោង៧៖០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង បានមកចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ ធឿន» របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីបើកលក់ជាធម្មតាឡើងវិញ។

    ចំណែកឯឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧៖០០នាទី គាត់បានយកកន្ត្រៃមកកាត់ខ្សែលួស (សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់ជាធម្មតាវិញដែរ។ ភ្លាមៗ នោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ។

    តំណាងអយ្យការបានអះអាងថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំងនេះ បានបំពាននឹងច្បាប់ដែលអាចចាត់ចូលជាបទព្រហ្មទណ្ឌ ហើយអាចនឹងយោងតាមបទចោទមាត្រា ៥៣៥-៥៣៦ ដែលនេះគ្រាន់តែសន្និដ្ឋានជាបឋមមុនសិនប៉ុណ្ណោះ រង់ចាំថ្ងៃឡើងសវនការទើបកាត់ក្ដីតាមបទល្មើសជាក់ស្ដែង។

    បើតាមលោក តូច ចៅកុយ ប្រធាន ក.ប.ប ខេត្តកណ្ដាល បានឱ្យដឹងថា ករណីនេះកម្លាំងរបស់លោកបានចុះមកពិនិត្យដោយរកឃើញថា មានភាពមិនប្រក្រតីជុំវិញការលក់ប្រេងមិនគ្រប់ចំណុះលីត្រ ហើយបិទបណ្ដោះអាសន្តសិន ប៉ុន្តែម្ចាស់ស្ថានីយពុំព្រមគោរពតាម ថែមទាំងប្រមាថមកលើមន្រ្តីរបស់លោកទៀត និងហ៊ានកាត់ផ្ដាច់ខ្សែសៀល និងបេីកលក់ទាំងបំពាន ទើបលោកសុំគោលការណ៍ព្រះរាជអាជ្ញាខេត្តកណ្ដាល លោក លាវ ស្រេង ដើម្បីសុំកម្លាំងអន្តរាគមន៍ចុះមកអនុវត្តន៍ទៅតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ