• ភ្លើងឆេះព្រៃ មួយទៀតនៅរដ្ឋកាលីហ្វ័រញ៉ា កំពុងរីករាលដាលយ៉ាងខ្លាំង, ក្រុមអ្នកពន្លត់អគ្គិភ័យ ទើបពន្លត់បាន៥%ប៉ុណ្ណោះ

    (ឡូសអាន់ជេឡេស)៖ ភ្លើងឆេះព្រៃដែលរាលដាលយ៉ាងឆាប់រហ័សមួយ នៅភាគខាងត្បូងរដ្ឋកាលីហ័្វរញ៉ានៃសហរដ្ឋអាមេរិក បានឆាបឆេះផ្ទៃដីរហូតដល់ ៥៥គីឡូម៉ែត្រក្រឡា។ មកទល់ពេលនេះ វាត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យគ្រប់គ្រងបានត្រឹមតែ ៥ភាគរយប៉ុណ្ណោះ ខណៈអាជ្ញាធរបានបង្គាប់ឲ្យប្រជាជនជម្លៀសខ្លួន និងបិទផ្លូវហាយវេសំខាន់មួយកន្លែងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

    ភ្លើងឆេះព្រៃខាងលើឈ្មោះថា អាលីសាល់ ហ្វាយអឺ (Alisal Fire) ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្បែរបឹង Alisal ភាគខាងជើងផ្លូវហាយវេលេខ ១០១ ក្នុងតំបន់ សាន់តា បាបារ៉ា (Santa Barbara)។ វាកំពុងរងការជំរុញពីខ្យល់បោកបក់ខ្លាំង ហើយរាលដាលក្នុងល្បឿនយ៉ាងលឿន។ អាជ្ញាធរនៃតំបន់ Santa Barbara បានសេចក្តីព្រមាន និងបញ្ជាឲ្យជម្លៀសខ្លួនសម្រាប់សហគមន៍នានា ដែលរងការគំរាមកំហែងពីភ្លើងឆេះព្រៃ។

    ចំណែកផ្លូវហាយវេលេខ ១០១ ក៏ត្រូវបានបិទទាំងស្រុងជាបណ្តោះអាសន្នផងដែរ។ ភ្នាក់ងារពន្លត់អគ្គីភ័យសរុបជាង ៦០០នាក់ កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃនេះ ដែលកំពុងបង្កការគំរាមកំហែង ចំពោះសំណង់យ៉ាងហោច ១០០ខ្នង រួមមានលំនៅឋាន កសិដ្ឋាន ទីលានបោះជំរំ និងស្ថានីយរថភ្លើងជាដើម។

    គួរបញ្ជាក់ថា បើគិតនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាតែម្តង ភ្លើងព្រៃឆេះនៅកន្លែងផ្សេងៗគ្នា បានឆាបឆេះផ្ទៃដីសរុបលើសពី ១០,០០០គីឡូម៉ែត្រក្រឡា ព្រមទាំងបំផ្លាញឬបង្កការខូចខាតចំពោះសំណង់អគារច្រើនជាង ៣,៦០០ខ្នងរួចមកហើយ នៅក្នុងឆ្នាំ២០២១នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ