• ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន Ant Group បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣៥ពាន់លានយន់

    (ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Ant Group បានបង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣៥ពាន់លានយន់ ( ប្រហែល ៥,៤៤ពាន់លានដុល្លារ) ដោយកាលពីមុនមានត្រឹមតែ ២៣,៨ពាន់លានយន់ប៉ុន្តែ ខណៈដែលកំណត់ត្រានៃការចុះបញ្ជីពាណិជ្ជកម្មសាធារណៈរបស់ក្រុមហ៊ុនមួយនេះ ត្រូវបាន ឃ្លាំមើល និងរៀបចំរចនាសម្ព័ន្ធឡើងវិញដោយរដ្ឋាភិបាលចិន។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងថា ការបង្កើនទុនចុះបញ្ជីនេះគឺធ្វើឡើងដោយយោងតាមបទប្បញ្ញត្តិ និងតម្រូវ ការអាជីវកម្ម។

    កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលចិនបានបញ្ជាឱ្យក្រុមហ៊ុន Ant Group រៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីបានបញ្ឈប់ និងរារាំង ក្រុមហ៊ុន មួយនេះមិនឱ្យចូលទីផ្សារហ៊ុនដែលមានតម្លៃរហូតដល់ ៣៧ពាន់លានដុល្លារអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលវាជាការរឹតបន្ដឹង និងការ អនុវត្តវិធានការថ្មីរបស់រដ្ឋាភិបាលចិន។

    ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន Ant Group ឡើងវិញបាន លុះត្រាតែក្រុមហ៊ុនចិនមួយនេះបង្កើនដើមទុននៃការចុះបញ្ជីពាណិជ្ជកម្ម ហេតុនេះហើយ ទើប Ant Group បានសម្រេចចិត្តបង្កើនទុនចុះបញ្ជីរហូតដល់ ៣៥ពាន់លានយន់។

    ក្រុមហ៊ុន Ant Group បានបញ្ជាក់ថា ការបង្កើតទុនចុះបញ្ជីរហូតដល់ជាង ៤៧ភាគរយនេះគឺក្រុមហ៊ុនមិនបានធ្វើការរៃអង្គាសប្រាក់ ឬមានការបណ្ដាក់ទុនថ្មីពីសំណាក់អ្នកវិនិយោគទេ ប៉ុន្តែវាគឺជាប្រាក់នៃទុនបម្រុងដែលក្រុមហ៊ុនបានត្រៀមទុកជាយូរណាស់មកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ