• Tesla ទទួលបានកំណត់ត្រាខ្ពស់បំផុតក្នុងការចែកចាយរថយន្តនៅក្នុងត្រីមាសទី៣

    (អាមេរិក)៖ ក្រុមហ៊ុន Tesla Inc នៅថ្ងៃអាទិត្យម្សិលមិញនេះថា ខ្លួនបានការចែកចាយរថយន្តអេឡិចត្រូនិកដែលមានកំណត់ត្រាខ្ពស់បំផុត នៅក្នុងត្រីមាសទី៣ ដោយបានវ៉ាដាច់ការប៉ាន់ស្មានរបស់ស្ថាប័នវិភាគ Wall Street បន្ទាប់ពីលោក Elon Musk នាយប្រតិបត្តិ បាន សុំឱ្យ បុគ្គលិក «ខិតខំប្រឹងប្រែងយ៉ាងខ្លាំង» ដើម្បីជំរុញការចែកចាយឱ្យបានច្រើនបំផុតសម្រាប់ត្រីមាសទី៣។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានមើលឃើញ និងយល់ច្បាស់អំពីវិបត្តិបន្ទះឈីប ដូច្នេះហើយទើបលោក Elon Musk បានរៀបចំយុទ្ធសាស្ត្រក្នុងការលក់រថយន្តឱ្យបានច្រើនបំផុតទៅតាម លទ្ធភាពដែលអាចធ្វើបានសម្រាប់ត្រីមាសទី៣នេះ ដោយក្នុងនោះតួលេខនៃការលក់បានកើនឡើង ២០ភាគរយបើធៀបនឹងត្រីមាសទី២ ខណ:ដែលតួលេខនៃការលក់បានកើនឡើង ៦ត្រីមាសជាប់ៗគ្នា។

    លោក Elon Musk បាននិយាយថា ក្រុមហ៊ុន Tesla បានជួបបញ្ហាទៅលើកង្វះបន្ទះឈីបកាលពីដើមត្រីមាសទី៣ យ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយទើបលោកបានសុំឱ្យបុគ្គលិក «ខិតខំប្រឹងប្រែងយ៉ាងខ្លាំង» និងជំរុញការលក់នៅចុងត្រីមាសទី៣វិញ ដើម្បីឱ្យការលក់ អាច សម្រេចទៅបានតាមផែនការ និងរហូតទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគ។

    នៅក្នុងត្រីមាសទី៣ ក្រុមហ៊ុន Tesla ចែកចាយរថយន្តបានចំនួន ២៤១៣០០គ្រឿងនៅទូទាំងពិភពលោក ដោយបានកើនឡើង ៧៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ខណ:ដែលអ្នកវិភាគបានព្យាករណ៍ថា មានរថយន្តប្រមាណតែ ២២៩២៤២គ្រឿងប៉ុណ្ណោះត្រូវបាន លក់។

    ក្នុងចំណោមរថយន្តទាំង ២៤១៣០០គ្រឿង ដែលត្រូវបានលក់នៅជុំវិញពិភពលោកនោះ គឺមានរថយន្តម៉ូដែល Model 3 និង Model Y ចំនួន ២៣២០២៥គ្រឿង និង ៩២៧៥គ្រឿងទៀតគឺជាម៉ូដែល Model S និង Model X៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ