• ស្តេចប្រដាល់ Pacquiao៖ ការបោះបង់អាជីពប្រដាល់ ជាការសម្រេចចិត្តដ៏លំបាកក្នុងជីវិត

    (ម៉ានីល)៖ ទីបំផុត ស្តេចកីឡាប្រដាល់ Manny Pacquiao នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ ដោយលោកអះអាងថា ការចាកចេញពីអាជីពនៃកីឡាប្រដាល់នេះ ជាការសម្រេចចិត្តដ៏លំបាកបំផុតនៅក្នុងជីវិត។ ការប្រកាសរបស់ស្តេចប្រដាល់សញ្ជាតិហ្វីលីពីន ត្រូវបានចុះផ្សាយដោយសារព័ត៌មានល្បីៗ នៅលើពិភពលោកយ៉ាងគគ្រឹកគគ្រេង។

    នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook គឺ លោក Pacquiao បន្ថែមថា ប្រដាល់បានផ្តល់ឱ្យគាត់នូវឱកាសចាកចេញពីភាពក្រីក្រ និងភាពក្លាហានក្នុងការផ្លាស់ប្តូរដំណើរជីវិត។ លោកក៏បានអរគុណដល់អ្នកគាំទ្រ និងមិត្តភក្តិរបស់គាត់ ជាពិសេសគ្រូបង្វឹក Freddie Roach ដែលគាត់បានចាត់ទុកថា «ជាគ្រួសារ ជាបងប្រុស និងជាមិត្តភក្តិផងដែរ»។

    គួរជម្រាបថា មុនប្រកាសព្យួរប្រអប់ដៃប្រដាល់ខាងលើនេះ Manny Pacquiao ក៏ធ្លាប់បានប្រកាសដំណឹងនេះម្តងហើយដែរ។ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ ៨ស្ថាប័នផ្សេងគ្នាដែលពុំមានកីឡាករប្រដាក់រូបណាធ្វើដូចឡើយ និងប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់ WBA Welterweight ចាញ់កីឡាករគុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆននាខែសីហា ឆ្នាំ២០២១ ដោយចំណោម ១២ទឹកពេញ។

    Manny Pacquiao ដែលបានចាប់ផ្តើមប្រដាល់អាជីពកាលឆ្នាំ១៩៩៥ មកនោះ បានក្លាយជាសមាជិកសភាហ្វីលីពីនតាំងពីឆ្នាំ២០១៦ ចំពេលដែលរូបលោកកំពុងមមាញឹកក្នុងវិស័យប្រដាល់ផងនោះ។ មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា Pac Man លាឈប់ពីប្រដាល់នេះ ក៏ព្រោះត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីននាខែឧសភា ឆ្នាំ២០២២ ខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ