• ចិន៖ «ចំពោះមុខបញ្ហាបម្រែបម្រួលអាកាសធាតុ គឺតម្រូវឲ្យពិភពលោកទាំងមូលរួមគ្នាដោះស្រាយ»

    (យូអិន)៖ តំណាងអចិន្ត្រៃយ៍នៃប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក ចាង ជន (Zhang Jun) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ គឺតម្រូវឲ្យពិភពលោកទាំងមូល រួមគ្នាដោះស្រាយ ព្រោះវាជាបញ្ហាប្រឈមរបស់មនុស្សជាតិជារួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

    លោក Zhang Jun បានថ្លែងបន្តទៀតថា ទំនាក់ទំនងរវាងអាកាសធាតុ និងសន្តិសុខគឺពិតជាស្មុគស្មាញណាស់។ ក្រុមប្រឹក្សាសន្តិសុខ UN ផ្អែកលើមូលដ្ឋាននៃអាណត្តិរបស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងរបៀបវារៈដែលមានស្រាប់ ត្រូវការធ្វើឱ្យបានត្រឹមត្រូវតាមលក្ខណៈ និងទំហំនៃការចូលរួមរបស់ខ្លួន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហា ទាក់ទងនឹងបញ្ហាអាកាសធាតុ ព្រមទាំងសន្តិសុខ។

    ហេតុដូច្នេះលោក Zhang Jun ក្នុងនាមជាតំណាងអចិន្ត្រៃយ៍របស់ចិននៅ UN បានសង្កត់ធ្ងន់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ ក្នុងឱកាសជជែកវែកញែក ដោយបើកចំហកម្រិតខ្ពស់ ស្តីពីបញ្ហាអាកាសធាតុ និងសន្តិសុខថា វាជារឿងចាំបាច់ណាស់ក្នុងការរក្សាបណ្តាញសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

    បើតាមប្រេសិតចិនរូបនេះ អនុសញ្ញា UN ស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា UNFCCC និងកិច្ចព្រមព្រៀងអាកាធាតុទីក្រុងប៉ារីស គឺសុទ្ធតែជាវេទិកាដែលមានសិទ្ធិអំណាចបំផុត នៅក្នុងការរួមគ្នាដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុភពផែនដីនេះ។ ទាំងអស់នេះជាគោលការណ៍ នៃការទទួលខុសត្រូវរួម ប៉ុន្តែមានលក្ខណៈចំរុះ និងស្របទៅតាមសមត្ថភាពរៀងៗខ្លួន ព្រមទាំងសមធម៌ផងដែរ ហើយទាំងនេះគឺជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចអាកាសធាតុពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ