• ព្រឹកនេះវ៉ាក់សាំង ៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

    បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ បានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ បើតាមសម្តេចតេជោ ហ៊ុន សែន នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

    ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។

    សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់ខ្លួន គិតត្រឹមខែសីហា កន្លងទៅ កម្ពុជារកបានវ៉ាក់សាំងសរុបរហូតដល់ទៅ ៣០លានដូស។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។

    បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ៦ឆ្នាំឡើងទៅ បានចំនួនសរុបជាង ១២.៦លាននាក់ ស្មើជិត ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់។

    លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩។

    លទ្ធផលដែលកម្ពុជាសម្រេចបានទាំងលើការចាក់វ៉ាក់សាំង និងការគ្រប់គ្រងជំងឺកូវីដ១៩ បាននាំឱ្យកិត្តិនាមរបស់កម្ពុជាសាយភាយទៅក្នុងតំបន់ និងលើពិភពលោក ហើយទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិនានាផងដែរ។

    មានកត្តាច្រើនដែលនាំកម្ពុជាសម្រេចលើផែនការចាក់វ៉ាក់សាំង។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិសង្គ្រាម កូវីដ១៩នេះ នៅតែជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចលើផែនការចាក់វ៉ាក់សាំង ព្រោះប្រមុខដឹកនាំប្រទេសរូបនេះ ជាអ្នកសម្រេចដាក់ចេញផែនការ និងយុទ្ធសាស្ត្រនានា។ បើមេដឹកនាំរូបនេះ សម្រេចចិត្តខុស ឬយឺតយ៉ាវ ច្បាស់ណាស់មិនអាចធ្វើឱ្យផែនការចាក់វ៉ាក់សាំងបានសម្រេចក្នុងលទ្ធផលដ៏ល្អប្រសើរបែបនេះឡើយ។

    ការណ៍នេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរកោតស្ញប់ស្ញែង និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ