• កូរ៉េខាងជើង បាញ់តេស្តមីស៊ីលចង្អុលប្រាប់ទិស ក្នុងរយៈចម្ងាយឆ្ងាយ ប្រកបដោយជោគជ័យ

    (សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។

    គួរបញ្ជាក់ថា កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះម្តងរួចមកហើយដែរ កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមាន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ ការធ្វើតេស្តលើកនេះត្រូវបានគេមើលឃើញថា ជាការរំលឹកដល់ដំណើរជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៩ ដែលកូរ៉េខាងជើងធ្លាប់បានធ្វើ ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។

    ដោយឡែកកាសែត Rodong Sinmun របស់បក្សពលករនៅកូរ៉េខាងជើង ក៏បានចុះផ្សាយអំពីកម្រងរូបភាព ស្តីពីការបាញ់តេស្តមីស៊ីលកាលពីថ្ងៃអាទិត្យនោះដែរ ដោយគេឃើញគ្រាប់មីស៊ីលចង្អុលប្រាប់ទិសរយៈចម្ងាយវែង (cruise missile) ហោះហើរចេញពីម៉ាស៊ីនបាញ់របស់វានៅលើដី។ បើតាម KCNA បានបង្ហើបឲ្យដឹងថា cruise Missile មួយនេះ គឺជាអាវុធដែលកូរ៉េខាងជើងបានសម្ងំអភិវឌ្ឍ អស់រយៈពេល ២ឆ្នាំមកហើយ ហើយវាស្ថិតក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ នៅក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងអាវុធរបស់កូរ៉េខាងជើង ដែលត្រូវបានប្រកាសដាក់ចេញឲ្យអនុវត្ត កាលពីខែមករា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ