• អំណោយដែលកូនៗមិនគួរភ្លេច ជូនដល់អ្នកមានគុណជិតដល់ខែភ្ជុំហើយ

    បុណ្យភ្ជុំបិណ្ឌ ជាពិធីសាសនាធំមួយរបស់ខ្មែរយើង ដែលប្រជាពលរដ្ឋតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ រដូវកាលនេះ គឺជាពេលវេលាជួបជុំគ្នា បងប្អូនកូនចៅ សាច់ញាតិទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយចាស់ៗ ដើម្បីរៀបចំអំណោយនានា ឬម្ហូបអាហារ បាយសម្លជូន និងរៀបចំជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ដោយសារបរិបទកូវីដ ១៩ យើងក៏មិនភ្លេចវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខភាពសប្បាយទាំងអស់គ្នា។

    បើទោះនៅជិត១ខែទៀត ទើបដល់ថ្ងៃភ្ជុំធំក៏ដោយ ក៏កូនចៅ ជាពិសេសអំឡុងពេលនេះ កូនចៅដែលមានចាស់ទុំនៅជិត តែងត្រៀមចិត្ត ត្រៀមកាយគោរព និងរៀបចំកាដូទុកជូនចាស់ជាស្រេច ទៅតាមធនធាន និងលទ្ធភាពជាក់ស្តែង។

    ១.ចំណីអាហារចំណីអាហារជាបច្ច័យ

    ក្នុងបច្ច័យទាំងបួន មានឈ្មោះថា បិណ្ឌបាតបច្ច័យ សំដៅលើចំណីអាហារ បើកូនៗ អាចធ្វើបានគឺល្អប្រពៃណាស់ ហើយវាជាស្បៀងដែលត្រូវការជាងគេ។ « ចំណីអាហារ អាចជូនតាមធនធាន និងលទ្ធភាពមានដូចជា៖ ត្រីងៀត ត្រីឆ្អើរ គ្រឿងកំប៉ុង ដែលអាចទុកបានយូរ ឬបាយសម្ល ចម្អិនជូនលោកពិសារក្តៅក៏បាន»។

    ២.ថ្នាំសង្កូវ ជួយដល់សុខភាពឪពុកម្ដាយ

    បើអ្នកមានគុណរស់នៅឯស្រុកឆ្ងាយពីកូនៗ កាលបើឈឺថ្កាត់ពេលយប់ព្រលប់ ចាំបាច់ត្រូវតែមានថ្នាំខ្លះនៅផ្ទះ ដូច្នេះកូនៗ គួរតែទិញថ្នាំសង្កូវ ឬ ថ្នាំជួយសុខភាពជូនលោកទាំងពីរជាបណ្តោះអាសន្ន ក្នុងនោះមានដូចជា៖ ប្រេងកូឡា ទឹកត្រចៀកកាំ ថ្នាំរឹតដៃជើង ថ្នាំក្ដៅ ថ្នាំត្រជាក់ ឬកញ្ចប់ដាក់សម្ភារៈសង្គ្រោះបឋមជាដើម គួរទិញជាប្រអប់មួយទុកដាក់ដើម្បីសុវត្ថិភាព និងងាយស្រួលរក។ កូនៗគួរតែទិញជូនពួកគាត់ជាកញ្ចប់ក៏ល្អ ហើយសរសេរអក្សរដាក់ពីរបៀបប្រើប្រាស់ឱ្យត្រឹមត្រូវកុំឱ្យ ពួកគាត់ប្រើខុស នាំបញ្ហាសុខភាព! »។

    ៣.សំលៀកបំពាក់

    សំលៀកបំពាក់ជាគ្រឿងលម្អរពីខាងក្រៅ ដែលអ្នកមានគុណត្រូវការប្រើប្រាស់រាល់ថ្ងៃ មិនតែប៉ុណ្ណោះ តម្លៃវាសមស្របទៅតាមលទ្ធភាពរបស់កូនគ្រប់គ្នា។ ពេលដែលគាត់ស្លៀកខោអាវដែលយើងទិញជូន គាត់នឹងនឹកឃើញដល់កូនដែលនៅឆ្ងាយ និយាយទៅពាក់អាវនឹកឃើញម្ចាស់! អ្នកគុណនឹងញញឹម សប្បាយចិត្តពេលមានខោអាវថ្មីៗ ស្អាតៗ ហើយកូនជាអ្នករៀបចំជូនទៀតនោះ!

    ៤.លុយកាក់

    ថវិកា គឺជាអំណោយដែលស្រួលជាងគេរៀបចំជូនអ្នកគុណបំផុត ហើយអាចជូនគ្រប់ពេលមិនថានៅជិត ឬឆ្ងាយគ្នា! បើទិញអីមិនទាន់ជូនលុយគាត់ក៏បានដែរ! ការជូនលុយកាក់ បានផ្ដល់ជម្រើសឱ្យលោកទាំងពីរច្រើន ទោះគាត់ចង់ពិសាអី ទិញអ្វីក៏ដោយក៏អាចប្រើប្រាស់ធម្មតាប្រចាំថ្ងៃ ឬសម្រាប់គាត់រៀបចំពេលបុណ្យទានក៏បានស្របពេលឱកាសបុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ