• តើប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិច លែងចាំបាច់ត្រូវពាក់ម៉ាសហើយ មែនទេ?

    (ឡុងដ៍)៖ ក្រុមអ្នកជំនាញភាគច្រើនបាននិយាយថាការពាក់ម៉ាសអាចជួយបង្ការការឆ្លង COVID-19។ ប៉ុន្តែ ប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិចភាគច្រើន មិនប្រាកដថាគិតដូច្នេះឡើយ។ ការសិក្សាជាច្រើនបានបង្ហាញថាបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដែលបានដាក់ចេញកាតព្វកិច្ចពាក់ម៉ាសក្នុងរយៈពេល៣០ថ្ងៃ ក្រោយរកឃើញ ករណីឆ្លងដំបូង មានករណីឆ្លង COVID-19 តិចជាងនៅបណ្ដាប្រទេសលោកខាងលិចដែលបានពន្យារពេលពាក់ម៉ាស់ដល់ទៅលើស១០០ថ្ងៃ ក្រោយរាយការណ៍ពីករណីឆ្លង ដំបូង។

    ជាជាងការយកចិត្តទុកចំពោះការណែនាំឱ្យពាក់ម៉ាសដើម្បីកាត់បន្ថយហានិភ័យស្លាប់ បណ្ដាប្រទេសលោកខាងលិចបានចាត់ទុកថាការពាក់ម៉ាសគឺជាវប្បធម៌សង្គមសមូហភាព ឬក៏គ្រាន់តែជាជំនឿបុរាណក្នុងចំណោមអ្នកដែលមានការអប់រំតិចតួចតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខណៈបណ្ដាប្រទេសអាស៊ីដាក់ចេញកាតព្វកិច្ចពាក់ម៉ាសជាវិធានការបង្ការ ការពារ ប្រជាជនលោកខាងលិចនាំគ្នាលើកឡើងថាសកម្មភាពដែលគ្មានភស្ដុតាងពិតប្រាកដគឺជារឿងមិនគួរធ្វើទាល់តែសោះ។ ជាការពិតណាស់ ការព្រួយបារម្ភរបស់ពួកគេ មានខ្លះសមហេតុសមផល ដូចជាក្នុងការធ្វើតេស្ដថ្នាំប្រភេទថ្មី និងវ៉ាក់សាំង ជួនកាលវាអាចជះផលអាក្រក់ជាងការឆ្លងជំងឺដោយខ្លួនឯងទៅទៀត។

    ក៏ប៉ុន្តែ ចំពោះការពាក់ម៉ាស់ វាមិនមានហានិភ័យធ្ងន់ធ្ងរអ្វីនោះទេ ផ្ទុយទៅវិញការពន្យារពេល ឬមិនពាក់ម៉ាសទើបត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះជំនួសឱ្យការសួរសំណួរ ថា «តើមានភស្តុងតាងជាក់លាក់ថាការពាក់ម៉ាសមានប្រសិទ្ធភាពដែរឬទេ? គេគួរតែសួរថាតើយើងត្រូវធ្វើយ៉ាងដូចម្ដេចចំពោះមុខការឆ្លងរាលដាល COVID-19 យ៉ាងឆាប់រហ័ស ជាជាងអង្គុយសង្ស័យមិនធ្វើអ្វីសោះ?

    *ការសង្ស័យជ្រុលពេកលើហានិភ័យ

    ប្រជាជនមួយចំនួនធំនៅបណ្ដាប្រទេសលោកខាងលិច ជាឧទាហរណ៍នៅអឺរ៉ុបខាងលិច ត្រូវបានគេប្រទះឃើញថាមានការបារម្ភជ្រុលពេកចំពោះការពាក់ម៉ាស។ ពួកគេគិតថា ម៉ាសគឺជាវត្ថុផ្ទុកមេរោគ ឬបង្កឱ្យឆ្លងជំងឺទៅវិញ ដ្បិតថាការពាក់ម៉ាសធ្វើឱ្យយើងយកដៃប៉ះពាល់ផ្ទៃមុខញឹកញប់ ហើយនៅពេលកណ្ដាស ឬក្អកម្ដងៗ ដំណាក់ទឹកតូចៗចេញពី មាត់ ដក់នៅលើម៉ាសជាហេតុនាំឱ្យឆ្លងមេរោគ។

    ក៏ប៉ុន្តែ ការសិក្សាជាច្រើនបង្ហាញថាអ្នកដែលពាក់ម៉ាសយកដៃប៉ះពាល់ផ្ទៃមុខតិចជាងអ្នកដែលមិនបានពាក់ម៉ាស។ ការព្រួយបារម្ភជ្រុលបែបនេះត្រូវបានគេយកទៅ ប្រដូចនឹង ទ្រីស្ដីមួយដែលគេតែងតែនិយាយថាបារម្ភហួសហេតុពេកនាំឱ្យមានគ្រោះថ្នាក់ទៅវិញ។ «បើសិនជាអ្នកពាក់ម៉ាស អ្នកនឹងមានអារម្មណ៍ថាត្រូវបានការពារ នោះវានឹងធ្វើឱ្យ
    អ្នកបាត់បង់ការប្រុងប្រយ័ត្ន ដូចគ្នាទៅនឹងអ្នកបើកឡានដែលតែងតែធ្វេសប្រហែសនៅពេលគេពាក់ខ្សែក្រវាត់»។ នេះជាការលើកឡើងរបស់លោក Trish Greenhalgh ជាសាស្ត្រាចារ្យម្នាក់ពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស ដោយចង់សំដៅទៅលើការយល់ឃើញរបស់ប្រជាជនអឺរ៉ុបចំពោះការពាក់ម៉ាស។

    ប្រជាជនលោកខាងលិច ដូចជានៅអឺរ៉ុបឱ្យតម្លៃយ៉ាងខ្លាំងលើសេរីភាព និងការសម្រេចចិត្តដោយខ្លួនឯង។ ដូច្នេះហើយ ទើបពួកគេបានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបទបញ្ជាតម្រូវឱ្យពាក់ម៉ាស ឬបិទខ្ទប់ដែលដាក់ចេញដោយរដ្ឋាភិបាល ព្រោះពួកគេយល់ថាវាជាការរឹតត្បិតសិទ្ធិសេរីភាព។

    *ការដកចេញកាតព្វកិច្ចពាក់ម៉ាសលឿនពេក

    រដ្ឋាភិបាលអង់គ្លេសបានប្រកាសថាកាតព្វកិច្ចពាក់ម៉ាសនឹងត្រូវបានដកចេញនៅតាមទីសាធារណៈចាប់ពីថ្ងៃទី១៩ ខែកក្កដានេះតទៅ។ តែការសម្រេចចិត្តបែបននេះត្រូវបាន គេមើលឃើញថាដូចជាលឿនរហ័សពេក ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ បើតាមអ្នកជំនាញដូចជា លោក Trish Greenhalgh បើសិនជា អ្នកនយោបាយជម្នះចង់បើកប្រទេសឡើងវិញ ទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យនៃការឆ្លង COVID-19 នោះការបន្តអនុវត្តវិធានការពាក់ម៉ាសគួរតែត្រូវបានចាត់ទុកជា មធ្យោបាយការពារសុវត្ថិភាពមួយដ៏ល្អប្រសើរ។

    គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានណែនាំម្ដងហើយម្ដងទៀតថាបន្ថែមពីលើការចាក់វ៉ាក់សាំង ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាពគឺជាមធ្យោបាយ មួយដ៏ប្រសើរក្នុងពេលបច្ចុប្បន្នដើម្បីប្រយុទ្ធប្រឆាំងជាមួយ COVID-19 ចំពោះមុខការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបម្លែងថ្មី Delta ទម្រាំពិភពលោកទាំងមូលអាចបង្កើត ប្រព័ន្ធភាពសុំាជាសហគមន៍តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានច្រើន ឬគ្រប់ៗគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ