• អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ សំបូរព្រៃគុកចែកជាតំបន់ពីរធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។

    តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការបូជាផ្សេងដទៃទៀត។

    សំណង់បុរាណទាំងនោះបានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិល្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វមករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។

    ទោះបីមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនាដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ដែលមានស្រាប់នៅទីនោះសម្រាប់គោរពបូជាជាបន្តបន្ទាប់។ រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមា ស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលសព្វថ្ងៃនេះ។

    នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៤ឆ្នាំហើយ ដែលប្រាសាទដ៏ចំណាស់របស់ខ្មែរមួយនេះ ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ