• ចិនបិទខ្ទប់ទីក្រុងមួយជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយសារតែការផ្ទុះករណីឆ្លងកូវីដ-១៩

    (សៀងហៃ)៖ អាជ្ញាធរខេត្តយូណាន (Yunnan) ភាគនិរតីប្រទេសចិន នៅថ្ងៃពុធនេះ បានដាក់ចេញនូវវិធានការបិទខ្ទប់ទីក្រុង យូអ៊ីលី (Ruili) ដោយអាជីវកម្មភាគច្រើនត្រូវតម្រូវឱ្យបិទទ្វារ និងប្រជាជនទាំងអស់ត្រូវតម្រូវឱ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីទីក្រុងដែលមានព្រំប្រទល់ ជាប់ប្រទេសមីយ៉ាន់ម៉ាមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

    វិធានការបិទខ្ទប់នេះនឹងចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ដោយអាជីវកម្ម និងស្ថាប័នសាធារណៈទាំងអស់ត្រូវតម្រូវឱ្យបិទទ្វារ លើកលែងតែមន្ទីរពេទ្យ ឱសថស្ថាន និងហាងសំខាន់ៗ ដូចជាហាងលក់គ្រឿងទេសតែប៉ុណ្ណោះ ដែលអាចបើកទ្វារបានជាធម្មតា។

    គួរបញ្ជាក់ថា ការផ្ទុះឡើងចុងក្រោយនៃករណីឆ្លងជំងឺ COVID-19 នៅប្រទេសចិន គឺនៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេស កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ។ រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩១,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,៨៥៥នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ