• ថ្ងៃនេះ ជា​ខួប​១៣ឆ្នាំ​ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

    ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ នេះ ជា​ខួប​១៣ឆ្នាំ​ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​ នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

    ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

    ខាងក្រោម​នេះ​ជា​ដំណើរ​ដើមទង​ត្រួស​ៗ នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

    • នៅ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បាន​បញ្ជូន​ឯកសារ​សម្រេច​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក យូណេស្កូ នៅ​ទីក្រុង​ប៉ារីស។
    • នៅ​ថ្ងៃ​ទី២៣ ដល់ ២៩ ខែ​តុលា ឆ្នាំ​២០០៦ ក្រុម​បេសកកម្ម​បច្ចេកទេស​របស់​តំណាង​ក្រុម​ប្រឹក្សា​អន្តរជាតិ​វាយ​តម្លៃ​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​វាយ​តម្លៃ​នៅ​ប្រាសាទ​ព្រះវិហារ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០០៧ ក្រុម​ប្រឹក្សា​អន្តរជាតិ​ស្ដីពី​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) បាន​អនុម័ត​សំណើ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ។
    • នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០០៧ សម័យ​ប្រជុំ​លើក​ទី៣១ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង​ក្រៃឆឺច ប្រទេស​ណូវែលហ្សឺឡង់ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ​សំណុំ​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​សំណើ​នេះ។ គ្រា​នោះ គណៈកម្មាធិការ​បាន​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះវិហារ​មាន​សារសំខាន់​ជា​អន្តរជាតិ ហើយ​យល់ព្រម​ជា​គោលការណ៍ ចំពោះ​ការ​ប្រកាស​ដែល​ត្រូវ​តែ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។
    • នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨ ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង​កេប៊ិច ប្រទេស​កាណាដា នា​សម័យ​ប្រជុំ លើក​ទី​៣២។

    គួរ​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​កសាង​ដោយ ព្រះបាទសូរ្យវរ្ម័នទី១ និង​ព្រះបាទ​សូរ្យវរ្ម័នទី២ នៅ​សតវត្សរ៍​ទី​១១ ដល់​ ១២។ ប្រាសាទ​នេះ ស្ថិតនៅ​ក្នុង​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​លើ​ខ្នង​ភ្នំ​ដងរែក មាន​ចម្ងាយ ៤០៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ