• នាយករដ្ឋមន្ត្រីអង់គ្លេស៖ «វិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ នឹងត្រូវអូសបន្លាយ៤សប្តាហ៍ទៀត»

    (ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការបន្ធូរបន្ថយការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19 ដែលបានគ្រោងទុក នៅចក្រភពអង់គ្លេស នឹងត្រូវពន្យារពេល ០៤សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយវាជាការសម្រេចចិត្តមួយដែលលោកបាននិយាយថា នឹងជួយសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ខណៈរដ្ឋាភិបាលកំពុងបង្កើនល្បឿនចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

    នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក Johnson បានបង្ហាញនូវទំនុកចិត្តថា កាលបរិច្ឆេទថ្មីសម្រាប់ការដកចេញ នូវការរឹតត្បិតលើទំនាក់ទំនងនៅក្នុងសង្គម នឹងជាថ្ងៃចុងក្រោយនៅពេលដែលការចាក់វ៉ាក់សាំងត្រូវបានបង្កើនល្បឿន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី ឌែលតា (Delta ឬ B16172 ជាវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលអ្នកវិទ្យាសាស្ត្រចាត់ទុកថា អាចមានសម្ថតភាពចម្លងបានចន្លោះពី ៤០% ទៅ ៨០% ជាងវីរុសដើម និងវីរុសបំប្លែកខ្លួននានាដែលត្រូវបានរកឃើញ នៅក្នុងចក្រភពអង់គ្លេស។

    លោក Johnson បានគូសបញ្ជាក់ថា «ខ្ញុំគិតថា វាជាការសមហេតុសមផល ដែលយើងត្រូវរង់ចាំយូរជាងនេះ។ ឥឡូវនេះ គឺជាពេលវេលាដ៏ល្អសម្រាប់យើង ក្នុងការបង្កើនល្បឿនចាក់វ៉ាក់សាំង ពីព្រោះដោយការប្រុងប្រយ័ត្ន ឥឡូវនេះយើងមានឱកាស ០៤សប្តាហ៍ទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ តាមរយៈការចាក់វ៉ាក់សាំងជូនដល់ មនុស្សរាប់លាននាក់បន្ថែមទៀត»។

    គួរបញ្ជាក់ថា បើតាមលោក Johnson ត្រឹមថ្ងៃទី១៩ ខែកក្កដា ប្រជាជនប្រមាណ ២ ភាគ ៣ នៃប្រជាជនពេញវ័យសរុប នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ (២ដូស) រួមទាំងមនុស្សគ្រប់រូបដែលមានអាយុលើសពី ៥០ឆ្នាំ និងមនុស្សគ្រប់រូបដែលមានអាយុលើសពី ១៨ឆ្នាំ នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ដោយវាមានល្បឿនលឿនជាងគោលដៅមុន។ ចំណែកឯ គម្លាតរវាងដូសទាំងពីរសម្រាប់មនុស្ស ដែលមានអាយុលើសពី ៤០ឆ្នាំក៏កំពុងត្រូវបានកាត់បន្ថយពី ១២សប្ដាហ៍មកត្រឹម ០៨សប្តាហ៍ដែរ ដើម្បីផ្តល់នូវការការពារជាអតិបរមា ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ បានឆាប់ជាងមុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ