• អាជ្ញាធរចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ ដើម្បីយកសំណាកកម្មកររោងចក្រ ហ្វត្រេស នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់មន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំ ណែនាំបន្ថែមដល់ប្រជាពលរដ្ឋ នៅរោងចក្រ ហ្វត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាក។

    ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងរាជធានី សូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក។

    បន្ថែមពីនេះ ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «បីការពារ និងបីកុំ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខុភាព អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

    ការខិតខំប្រឹងប្រែងរបស់មន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ គឺដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ សុខុមាលភាពរបស់ពួកគាត់ និងការងាររបស់ពួកគាត់ នៅក្នុងដំណាក់កាល នៃការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នេះ។

    ជាមួយគ្នានេះ មន្ដ្រីបានណែនាំដល់កម្មករ កម្មការិនីទាំងអស់ អំពីគុណតម្លៃនៃការយកសំណាកនេះផងដែរ ដោយបញ្ជាក់ថា ការយកសំណាកនេះមានតម្លៃខ្លាំងណាស់ ក្នុងករណីរកឃើញអវិជ្ជមាន គឺពួកគាត់អាចបន្ដការងារដូចធម្មតា ហើយករណីវិជ្ជមាន ត្រូវបញ្ជូនទៅសម្រាកព្យាបាលភ្លាមៗ ដើម្បីកុំឲ្យស្ថានភាពធ្ងន់ធ្ងរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ