• Amazon ចំណាយ ៣ពាន់លានដុល្លារអាមេរិកបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសអេស្ប៉ាញ

    (អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានប្រកាសឱ្យដឹងថា ខ្លួននឹងបោះទុនប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក បង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីបានដំណើរការនូវសេវាកម្ម មួយ ចំនួននៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីនេះគឺស្ថិតនៅ Aragon នៃប្រទេសអេស្ប៉ាញ ដែលវាអាចនឹងចាប់ផ្ដើមដំណើការនៅពាក់កណ្ដាល ឆ្នាំ២០២២ ដោយសារតែ Amazon បានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់ហើយ និងជាពិសេសគឺនឹងផ្ដល់ឱកាសការងារថ្មីយ៉ាងហោចណាស់ ១៣០០នាក់។

    តាមការបញ្ជាក់របស់ Amazon បានឱ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់បន្ថែមទៀតទៅលើសេវាកម្ម Cloud ដែល មាន ឈ្មោះថា Amazon Web Services ក្នុងរយៈពេល១០ឆ្នាំទៀត ខណៈដែល Amazon Web Services បានដាក់ឱ្យ ប្រើប្រាស់នៅក្នុងប្រទេសអេស្ប៉ាញតាំងពីឆ្នាំ២០២១ និងទទួលបានអតិថិជនជាច្រើនផងដែរ។

    គួរបញ្ជាក់ផងដែរថា Amazon Web Services ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ និងបានផ្ដល់សេវាកម្មស្ទើពាសពេញ ពិភពលោក ដោយកាលពីឆ្នាំ២០២០ រកចំណូលបាន ៤៦ពាន់លានដុល្លារអាមេរិក និង ប្រាក់ចំណេញប្រតិបត្តិការ ១៣.៥ពាន់លានដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ