• ការ​ជួយ​សត្វ​អនាថា​ជួយ​ឱ្យ​យុវជន ធូធារ៉ា ​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពាន់​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

    ភ្នំពេញ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១៖ ​ពាក់​អាវយឺត​ដៃខ្លី​​ពណ៌​ទឹក​ប៊ិចដែល​​មាន​ឡូហ្គោ​ជា​​រូប​ដានជើង​សត្វ​សុនក​នៅលើ​អាវ អម​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា សង្គ្រោះ​សត្វអនាថា យុវជន​សម្បុរ​ស្រអែម​ និង​មាន​មាឌធំ​​បាន​ទាញ​​ម៉ូតូ​ចាកចេញ​ពីផ្ទះរបស់ខ្លួន​សំដៅ​ទៅ​ជួយ​សង្គ្រោះ​សត្វ​​​​ ដោយ​នាំ​យក​ឧបករណ៍​មួយ​ចំនួន​ទៅ​តាម​ខ្លួន​ផង​ដែរ។

    រាល់​លើក​នៅពេលយុវជន​​​វ័យ​ ២២​ឆ្នាំរូប​នេះ​​ទទួល​ដំណឹង​ពី​មិត្តភក្តិ​អំពី​សត្វ​អនាថាដូច​ជា​ឆ្កែនិង​ឆ្មា ឬ​​នៅ​ពេល​​​គាត់​​ឃើញសត្វទាំង​នោះ​​នៅ​តាម​ដងផ្លូវ​ដែលត្រូវការ​ការ​ជួយ​សង្គ្រោះ គាត់​តែង​តែ​​រូត​រះ​ធ្វើ​ដំណើរ​ចេញទៅ​​​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ។

    គិត​មក​ដល់​ដើម​ឆ្នាំ២០២១ យុវជន​រូប​នេះ​បាន​សង្គ្រោះ​សត្វ​អនាថា​តាម​ដង​ផ្លូវ​បាន​ជាង ៣០០​ក្បាលមក​ហើយ​។

    ដោយ​មើល​ឃើញ​នូវ​ទឹក​ចិត្ត​ល្អ​បែប​នេះ លោក ហ៊ិន រតនា ដែលជា​គ្រូ​បង្វឹក​សុនកល្បី​ឈ្មោះ​មួយរ​ូប​នៅ​កម្ពុជា​បាន​សម្រេច​ចិត្ត​ជ្រើស​តាំង​យុវជន ស៊ុន ធូធារ៉ា​ ​ឱ្យ​ចូល​រួម​ក្នុងកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០។

    លោក រតនា បានថ្លែងថា៖ “គាត់ជា​ក្មេង​ដែល​មាន​គំរូ​ល្អ ​ចំណាយ​ពេលវេលា​របស់គាត់ទៅ​ជួយ​សង្គ្រោះ​​សត្វ​អនាថា។ គាត់ជួយសត្វ​អស់​ពី​សមត្ថភាព​ខ្លួន​គាត់​។ បើ​អ្នក​ផ្សេង​មិន​ហ៊ានចំណាយពេល​វេលា​​ទៅ​ធ្វើការងារ​បែបនេះទេ។ ឃើញអញ្ចឹង​ហើយបានជាខ្ញុំជ្រើស​តាំង​គាត់ចូល​ក្នុងកម្មវិធីហ្នឹង

    ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​​ដល់​យុវជន​រូប​នេះ​ឱ្យ​ឈាន​បន្ត​ទៅ​កាន់​​​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ។

    យុវជន ស៊ុន ធូធារ៉ា ថ្លែង​ថា៖ ថ្ងៃ​មួយ​ខ្ញុំ​បាន​បាត់​បង់​សុនក​របស់​ខ្ញុំ​ផ្ទាល់ គឺ​គាត់​កើត​មហារីក​ដោះ។ អញ្ចឹង​ទៅ ខ្ញុំ​សន្យា​នឹង​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ជួយ​សត្វ​កាន់​តែ​ច្រើន​តាម​អ្វី​ដែល​អាច​ធ្វើ​បាន

    សន្យា​របស់​គាត់ បាន​លេច​ចេញ​ជា​រូប​រាង​កាល​ពី​ចុង​ឆ្នាំ២០១៩ ដោយ​យុវជន​រូប​នេះ​​បាន​ចាប់​ផ្តើម​ជួយ​សង្គ្រោះ​​​សត្វ​អនាថា​ក្រោយ​សម្រាក​ពីការ​ជួយ​លក់ដូរ​ឪពុកម្តាយ​របស់គាត់​​ពេល​ល្ងាច នៅ​ពេល​ទទួល​បាន​ដំណឹង​​ថា​មាន​សត្វ​ដែលត្រូវ​ជួយ​សង្គ្រោះ។ បន្ទាប់​​មក​ គាត់​យក​ពួក​គេ​ទៅ​មន្ទីរ​ពេទ្យ​សត្វ​ផ្សេងៗ ដើម្បី​សំអាត​និង​លាង​របួស មុន​នឹង​បង្ហោះ​រូប​សត្វ​នោះ​ដើម្បី​ស្វែង​រក​ម្ចាស់​ថ្មីលើ​ហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះ​សត្វ​អនាថា)​ ដែលលោក​បង្កើតឡើង​ដើម្បី​សង្គ្រោះ​សត្វ​អនាថា កាត់​បន្ថយ​សត្វ​អនាថា បង្កេីន​អ្នក​ស្រលាញ់​សត្វ​អោយ​កាន់​តែ​ច្រេ​ីន និង​ជំរុញ​​ឱ្យ​​មាន​​ច្បាប់​​សំរាប់​​សត្វ។

    លោក ធារ៉ា បាន​បន្ថែម​ថា៖ អ្វី​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ជួយ​សត្វ​អនា​ថា​ពី​កន្លែង​ពិបាក​ទៅ​កន្លែង​ល្អ ពី​មិន​មាន​ម្ចាស់​ទៅ​មាន​ម្ចាស់ ពី​រូប​រាង​អាក្រក់​ដែល​គេ​សឹង​តែ​ហៅ​ថា​ជា​ឆ្កែ​ឆ្កួត។ យើង​ជួយ​សង្គ្រោះ​គាត់ រហូត​ដល់​គាត់​មាន​ម្ចាស់​ថ្មី ដែល​ស្រលាញ់”។

    ម្ចាស់​ថ្មី​ទាំង​នោះ​ក៏​រួម​មាន​ទាំង​កញ្ញា ឡៅ ស្រី​មាន ផង​ដែរ ដែល​បាន​ទទួល​ចិញ្ចឹម​សុនក​អនាថា​មួយ​ក្បាល​ពី​លោក ធារ៉ា។ បន្ទាប់​ពី​យក​មកចិញ្ចឹម សុនក​នោះ​ក៏​បានបាត់ ហើយ​កញ្ញា​​បាន​​ពឹងពាក់​លោក ធារ៉ា ម្តង​ទៀត​​ឱ្យ​ជួយស្វែង​រក​សុនក​​នោះ​មកវិញ​។

    កញ្ញា ឡៅ ស្រីមាន បាន​ថ្លែង​ថា៖ “ការ​ជួយ​សង្គ្រោះ​សត្វ​របស់​គាត់ គឺ​ជា​អំ​ពើល្អ ដោយ​សារ​ថា​ខ្ញុំ​ធ្លាប់​បាត់​បង់​សត្វ​ចិញ្ចឹម (ឆ្កែ) ហើយ​ធ្លាប់​ឲ្យ​គាត់​ជួយ​ស្វែង​រក​ឲ្យ។ កាល​ណោះ រៀង​យប់​ដែរ​ហើយ ខ្ទង់ម៉ោង​៧ ឬ ៨ ហើយ​គាត់​ក៏​បាន​មក​ជួយ​ស្វែង​រក​សត្វ​ចិញ្ចឹម​របស់​ខ្ញុំ រហូត​ទាល់​តែ​រក​ឃើញ

    ជា​អ្នក​ស្រលាញ់​សត្វ​ម្នាក់​ទៀត កញ្ញា សម លីលី ដែល​បាន​ទទួល​ចិញ្ចឹម​សត្វ​អនាថា​ពី​លោក​ធារ៉ា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០​២០ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណៈ​ជន ចូល​រួម​សង្គ្រោះ​សត្វ​ជា​មួយ​លោក​ធារ៉ា។

    កញ្ញា សម លីលី ថ្លែង​ថា៖ យើង​ងាក​មក​មើល​សង្គម​យើង​ឥឡូវ នៅ​តាម​ផ្លូវ​ឬ​នៅ​តាម​គំនរ​សំរាម​ផ្សេងៗ មាន​សត្វ​អនាថា និង​មាន​អង្គការ​ជា​ច្រើន ព្យាយាម​ជួយ​គាត់​និង​ស្វែង​រក​ម្ចាស់​ថ្មី។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា អ្នក​ដែល​មាន​លទ្ធភាព គឺ​អាច​នឹង​ចូល​រួម​សកម្មភាព​ជា​មួយ​បង ធារ៉ា អាច​នឹង​ជួយ​គាត់​ក្នុង​ការ​ចិញ្ចឹម​សុនក​អនាថា​ហ្នឹង

    ទាក់ទងនឹង​ថវិកា​ដែលប្រើប្រាស់​ក្នុងការ​ចំណាយលើ​ការជួយ​សង្គ្រោះសត្វ​នេះ លោក ធារ៉ា បាន​រៃ​អង្គាស​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ Stray Animal Rescue ដែលអ្នក​ចូលរួមបរិច្ឆាគ​​គឺ​​ជា​អ្នក​មានចិត្ត​ស្រលាញ់សត្វ​ដូចគាត់​ដែរ

    លោកបានថ្លែងថា ដរាប​ណា​ភ្នំពេញ​នៅ​តែ​មាន​សត្វ​អនាថា​តាម​ដង​ផ្លូវ លោក​ក៏​នឹង​បន្ត​ជួយ​សង្គ្រោះ​ពួក​គេ តាម​រយៈ​មធ្យោបាយ​គ្រប់​ប្រភេទ​ដែល​លោក​អាច​ធ្វើ​បាន។

    លោក ធារ៉ា បន្ថែម​​ថា៖ ផែន​ការ​បន្ត​បន្ទាប់​ទៀត គឺ​យើង​ចង់​ស្វែង​រក​អ្នក​ណា​ដែល​គាត់​មាន​បេះ​ដូង​ក្នុង​ការ​ជួយ​សត្វ​ដូច​ខ្ញុំ។ ហើយ​ខ្ញុំ​ចង់​បើក​ជា​ហាង​កាហ្វេ​សម្រាប់​សត្វ​អនាថា។ បងៗ​អ្នក​ស្រលាញ់​សត្វ គាត់​អាច​មក​មើល​សត្វ​អនាថា​ផង មក​ញុំា​កាហ្វេ​ផង”។

    អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

    ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវ​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

    ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក ធារ៉ា សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5tEV7uSFdQ/

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

     

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ