• ក្រុមបុរាណវិទូភ្ញាក់ផ្អើល ក្រោយរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី

    ក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ព័ន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាមយុគសម័យនិមួយៗ។

    ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ព័ន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ(លូបង្ហូរទឹក)បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ(ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង)នៃក្រុងអង្គរធំ។

    ព្រមទាំងមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថាមានសំណង់អំពីឈើឫហៅថារោងទងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត៨០ម៉ែត្រ។ លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន(ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

    បុរាណដែលទើបរកឃើញថ្មីនេះ​ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។

    តាមការសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ