• កម្ពុជាសល់ ២ឆ្នាំគត់នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃពុធនេះ កម្ពុជានៅសល់ពេល ២ឆ្នាំគត់នៃដំណើរឆ្ពោះទៅប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយខួប ២ឆ្នាំនៃដំណើររាប់ថយក្រោយនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកជាពេលវេលាត្រូវអបអរសាទរផង និងជាពេលវេលាក្រើនរំឮកគ្រប់ភាគីពាក់ព័ន្ធ ក្នុងការត្រៀមខ្លួនឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផង។

    អគ្គលេខាធិការ CAMSOC ខាងលើបានបញ្ជាក់ថា «នេះជាពេលវេលាយើងទាំងអស់គ្នា ត្រូវចូលរួមអបអរសាទរ “កម្ពុជាឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣” ដែលនៅសល់ ២ឆ្នាំគត់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចឹងខួប ២ឆ្នាំនេះ គឺជាពេលវេលាក្រើនរំឭក និងជាពេលវេលាស្ថិតក្នុង Game Operation Time មានន័យថា ក្នុងដំណាក់កាលនៃការរៀបចំហ្គេម ចឹងស្នើសុំឲ្យក្រុមការងារបច្ចេកទេស ក្រុមការងារជំនាញទាំងអស់សាមគ្គីភាពគ្នាឲ្យបានរឹងមាំ ដើម្បីជម្នះនូវឧបសគ្គទាំងឡាយ»។

    លោកបន្ដថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនូវស្មារតីទទួលខុសត្រូវ តាមតួនាទីភារកិច្ចរៀងៗខ្លួន ពិសេសការងារជំនាញ ការរៀបចំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាការងារស្នូលត្រៀមស៊ីហ្គេម។ សំខាន់បំផុត គឺការកសាងសមត្ថភាពកីឡាករ-កីឡាការិនី ដែលគ្រប់សហព័ន្ធកីឡាជាតិ ត្រូវផ្ដោតការយកចិត្តទុកដាក់ ពង្រឹងវិន័យហ្វឹកហាត់ ឧបត្ថម្ភគាំទ្រការហ្វឹកហាត់ និងស្វែងរកវិធានសាស្ដ្រនានា ដើម្បីសម្របសម្រួលការហ្វឹកហាត់ឆ្ពោះទៅមុខជានិច្ច ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។

    លោកបន្ថែមថា «រយៈពេល ២ឆ្នាំ គឺជាពេលវេលាត្រូវធ្វើសុក្រឹតភាព ត្រូវធ្វើវិធានការនៃការហ្វឹកហាត់ពិសេស ព្រោះរយៈពេលនេះ គឺជារយៈពេលដ៏ខ្លី សម្រាប់កសាងគុណភាពនៃគុណផលកីឡា ចឹងសូមឲ្យទទួលបាននូវស្មារតីថ្មី ធ្វើឲ្យវិបត្តិកូវីដ-១៩ ក្លាយទៅជាអាវុធដ៏មុតស្រួចរបស់កីឡាករ-កីឡាការិនី ប្រែក្លាយពីគ្រោះឲ្យទៅជាឱកាស ឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយឈរលើស្មារតីសាមគ្គីភាព រួមចិត្ត រួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីឲ្យព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ដ្រក្នុងទឹកដីកម្ពុជានេះ ក្លាយជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដ៏ទាក់ទាញប្រកបដោយកិត្តិយសជាតិដ៏មហាលសម្រាប់តកូនចៅតរៀងទៅ»។

    ក្នុងឱកាសខួប ២ឆ្នាំនៃដំណើររាប់ថយក្រោយឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជានេះដែរ លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅ ក៏ដូចជាជំរុញឲ្យមានការរៀបចំប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC, ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីទាំងអស់ដែលកំពុងខិតខំប្រឹងប្រែង ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកដំបូង នាឆ្នាំ២០២៣។

    សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំនៅកម្ពុជា ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី កំណត់ថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី០៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនកម្ពុជាបន្ដរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍កីឡាប្រចាំតំបន់ទាំងនេះ នឹងប្រារព្ធធ្វើឡើងក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព ឬ SPORTS LINE IN PEACE»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ