• រូបភាពស្ត្រីឥណ្ឌាយកខ្លួនធ្វើជាធុងអុកស៊ីសែន ដើម្បីសង្គ្រោះជីវិតស្វាមីពីកូវីដ១៩ កំពុងអង្រួនពិភពលោក

    (ញូដេលី)៖ រូបភាពមួយសន្លឹកដ៏សែនក្រៀមក្រំ បាននិងកំពុងបង្កឲ្យមានការរំជួលចិត្ត អាណិតអាសូរកាន់តែខ្លាំងឡើងៗ នៅទូទាំងពិភពលោក ព្រោះតែវាបានបង្ហាញអំពីស្ត្រីជនជាតិឥណ្ឌាម្នាក់ ព្យាយាមជួយសង្គ្រោះជិវិតប្តីរបស់នាង ពីជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរ តែពុំមានធុងអុកស៊ីសែន សម្រាប់ជំនួយការដកដង្ហើមនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអូស្ត្រាលី news.com.au កាលពីពេលថ្មីៗនេះ។

    អ្នកស្រី រេនុ ស៊ីងហាល់ (Renu Singhal) អាយុ ៤៥ឆ្នាំ ជាអ្នករស់នៅតំបន់ អាវ៉ាស់ វីកាស់ (Awas Vikas) នៃទីក្រុង អាក្រា (Agra) រដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) បានធ្វើការជួយសង្គ្រោះបន្ទាន់ប្តីរបស់គាត់ឈ្មោះ រ៉ាវី ស៊ីងហាល់ (Ravi Singhal) អាយុ ៤៧ឆ្នាំ នៅក្នុងយានជំនិះមួយ ដែលមានចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីមណ្ឌលសុខភាព។

    អ្នកស្រី Renu បានដឹងថា ប្តីរបស់ខ្លួនអាចនឹងស្លាប់នៅមួយរំពេច ប្រសិនបើគ្មានអុកស៊ីសែនជួយទេនោះ។ ដូច្នេះអ្នកស្រីក៏បានយកខ្លួនឯងផ្ទាល់ជាធុងអុកស៊ីសែន ដើម្បីព្យាយាមជួយសង្គ្រោះជីវិតប្តី ដោយការប្រើមាត់ដើម្បីបញ្ចូលខ្យល់ឲ្យប្តី។

    រទេះរុញដឹកប្តីអ្នកស្រីបានចតនៅខាងក្រៅ មណ្ឌលសុខភាពរបស់រដ្ឋាភិបាលឈ្មោះ រេណល (Renault) ដោយសង្ឃឹមថា នឹងមានអុកស៊ីសែននៅពេលដែលស្ថានភាពរបស់ប្តីអ្នកស្រី កាន់តែយ៉ាប់យ៉ឺនឡើងៗ។ ប៉ុន្តែជាអកុសលប្តីរបស់ Renu ចុងក្រោយនៅតែស្លាប់ដោយសារអត់មានអុកស៊ីសែន។

    អ្នកស្រី Renu បានថ្លែងប្រកបដោយក្តីអួលណែនក្នុងទ្រូងថា «ខ្ញុំបានស្វែងរកជំនួយ ប៉ុន្តែគ្មាននរណាម្នាក់មកជួយខ្ញុំឡើយ… តើនរណាអាចជួយលើកប្តីខ្ញុំបាន ព្រោះគាត់មិនអាចដើរបានទេ។ ខ្ញុំមានតែ Ravi ម្នាក់គត់… សូមកុំទៅណាចោលខ្ញុំ»។

    គួរបញ្ជាក់ថា រូបភាពដ៏ក្រៀមក្រំបំផុតនេះ កំពុងត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម និងសារព័ត៌មាននៅឥណ្ឌា រួមទាំងពិភពលោកទាំងមូលផងដែរ និងបានបង្កើតឲ្យមានការរំជួលចិត្តយ៉ាងខ្លាំង ព្រមទាំងខ្លោចចិត្តចំពោះស្ថានការណ៍ COVID-19 នៅក្នុងប្រទេសឥណ្ឌា។ បញ្ហាធំបំផុតដែលឥណ្ឌាកំពុងប្រឈមមុខ គឺខ្វះមន្ទីរពេទ្យដើម្បីទទួលអ្នកជំងឺ និងការខ្វះអុកស៊ីនសែនចាំបាច់ នៅក្នុងការសង្គ្រោះបន្ទាន់។

    គិតត្រឹមថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ២០.៣លាននាក់ (អត្រាឆ្លងជាមធ្យម ៣៥០,០០០នាក់ក្នុង១ថ្ងៃ) ក្នុងនោះមានអ្នកស្លាប់ ២២២,៤០៨នាក់ (អត្រាស្លាប់ជាងមធ្យមជាង ៣,០០០ក្នុង១ថ្ងៃ)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ