• ចំនួនករណីឆ្លងកូវីដ-១៩នៅឥណ្ឌាកើនលើស «២០លាននាក់» ក្រោយបូកបន្ថែមអ្នកឆ្លងជាង ៣៥៧,០០០នាក់ទៀត នៅថ្ងៃអង្គារនេះ!

    (ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 សរុប ៣៥៧,២២៩នាក់ទៀត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ២០.៣លាននាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

    បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៤៤៩នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២២២,៤០៨នាក់។ ក្រុមអ្នកជំនាញនៅតែអះអាងថា ចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ អាចមានច្រើនជាងតួលេខដែលត្រូវបានប្រកាស ប្រសិនបើការធ្វើតេស្ត និងរាប់ចំនួនអ្នកស្លាប់មានភាពលម្អិតជាងនេះ។

    គួរបញ្ជាក់ថា គិតចាប់តាំងពីចុងខែមីនា រហូតដល់ដើមខែឧសភានេះ ប្រទេសឥណ្ឌាទាំងមូលបានបូកបន្ថែមករណីឆ្លង COVID-19 រហូតដល់ទៅជាង ៨លានករណីបន្ថែមទៀត។ ការឆ្លងរាតត្បាតដ៏អាក្រក់បំផុត នៅក្នុងពិភពលោក ដែលបាននិងកំពុងកើតឡើងក្នុងប្រទេសឥណ្ឌា ត្រូវបានគេស្តីបន្ទោសទៅលើ ការមិនអនុវត្តវិធានការបិទខ្ទប់, ការរាតត្បាតវីរុស COVID-19 បំប្លែងថ្មីនៅក្នុងប្រទេសឥណ្ឌាផ្ទាល់, ការប្រារព្ធពិធីបុណ្យសាសនា ដែលមានរយៈពេលពេញមួយខែមេសា និងការជួបជុំនៃក្រុមអ្នកគាំទ្រគណបក្សនយោបាយ។

    ពុំទាន់មានសញ្ញាបង្ហាញអំពីការធូរស្រាលបន្តិចឡើយ នៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺ COVID-19 ជាច្រើននៅតែគ្មានមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ព្រមទាំងខ្វះខាតអុកស៊ីសែន និងថ្នាំសម្រាប់ព្យាបាល ដែលជាហេតុរុញច្រានអ្នកជំងឺកាន់តែច្រើន ឈានទៅរកការបាត់បង់ជីវិត នៅខាងក្រៅមន្ទីរពេទ្យ ដោយសារតែមិនបានទទួលការព្យាបាល ឬទទួលការព្យាបាលមិនបានទាន់ពេល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ