• ថៃ៖ ទីក្រុងបាងកកបើកបន្ទប់សង្រ្គោះបន្ទាន់ នៅក្រៅមន្ទីរពេទ្យជាលើកដំបូង សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់

    (បាងកក)៖ រដ្ឋបាលទីក្រុងបាងកក (BMA) នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នឹងបើកកន្លែងសង្គ្រោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ ដែលហៅថាមន្ទីរពេទ្យ Erawan 3។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

    អភិបាលទីក្រុងបាងកក លោក អេសវីន ក្វាន់មួង (Aswin Kwanmuang) បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។

    មន្ទីរពេទ្យ Charoenkrung Pracharak នឹងផ្តល់ជូននូវអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចមើលថែអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងមានម៉ាស៉ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ ដើម្បីធានាថាអ្នកជំងឺ ត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតគ្រប់ពេលវេលា។

    លោក Aswin Kwanmuang បានបន្ថែមទៀតថា ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 ត្រូវបានគេរាយការណ៍នៅចុងខែមីនាកន្លងទៅនេះ ទីក្រុងបាងកក បានឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកជំងឺដែលមានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរប្រហែល ១៤ភាគរយនៃអ្នកជំងឺសរុបដែលត្រូវបានរាយការណ៍។

    គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ២៧នាក់បានបាត់បង់ជីវិត និងមនុស្ស ១,៧៦៣នាក់ទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

    ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ