• ចាប់ខ្លួនមនុស្ស២នាក់ បន្លំជានគរបាលជាតិ បម្រុងគេចចេញពីតំបន់ក្រហម នៅខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ មនុស្ស២នាក់ (ម្នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិខ្មែរ) ដែលបន្លំជានគរបាលជាតិ បម្រុងគេចចេញពីតំបន់ក្រហម នៅខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ចំណុគោលដៅត្រួតពិនិត្យភ្នំ K៩ ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

    ការចាប់ខ្លួននេះធ្វើឡើងក្រោមការបញ្ជាផ្ទាលពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ ដោយអនុវត្តតាមការណែនាំ និងសេចក្ដីសសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។

    ក្រោយពេលសាកសួរ ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ខ្លួនបានជិះរថយន្ដម៉ាក Toyota Camry ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-2263 ជិះម្នាក់ឯងតាមផ្លូវជាតិលេខ៤ មកកាន់ខេត្ដព្រះសីហនុ ជួលបន្ទប់ស្នាក់នៅខាងក្រោយការ៉ាស់សាំងតូតាល់ផ្សារលើ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ហើយថ្មីៗនេះខ្លួនបានចូលបម្រើការងារជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣។

    ក្នុងថ្ងៃកើតហេតុ ខ្លួនបានបើករថយន្ដភិនភាគខាងលើ ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៖EG3635695(ទិដ្ឋាការផុតកំណត់០៧/០១/២០២០) ពីគោលដៅម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ សំដៅទៅកាន់តំបន់ភូមិ៦(ឆាយណាថោន) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩ឃាត់ខ្លួន។

    ករណីនេះឈ្មោះ លូ គឹមហ្វាត បានឲ្យដឹងថា ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ។ រីឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្ដ្រខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។

    បច្ចុប្បន្នករណីនេះកំពុងដំណើរនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីចាត់ការបន្ដតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ