• ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៣ថ្ងៃចាក់បានជាង ១០ម៉ឺននាក់ហើយ

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១០ម៉ឺននាក់ហើយ។

    យោងតាមរបាយការណ៍ ដែលទទួលបាននៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៣ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៣,០៤៤នាក់ ស្រី ២២,៧៩៧នាក់។ សរុប៣ថ្ងៃចាក់បានចំនួន ១០០,៣៥៧នាក់ ស្រី ៥២,៣០០នាក់។

    ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ២១,៩៣០នាក់ ខណ្ឌដង្កោ ចាក់បាន ២២,៦៣៤នាក់ ខណ្ឌកំបូល ចាក់បាន ២០,៥៥៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៣៥,២៣៥នាក់។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ មានដំណើរការល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា ដើម្បីបង្កើនការចាក់ឱ្យសម្រេចតាមផែនការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យបង្កើនទីតាំងមួយចំនួនបន្ថែម និងបានបង្កើនក្រុមគ្រូពេទ្យចាក់ច្រើនជាងមុនផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

    «ទឹកចិត្តបងប្អូនកងទ័ពរបស់យើងគាត់មុះមុតសម្រេចនូវការងារ ដែលជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ បងប្អូនកងទ័ពយើងគាត់ប្រឹងប្រែងអស់ពីបេះដូង ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈមការឆ្លងជំងឺ តែពួកគាត់មិនរុញរានោះឡើយ»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គូសបញ្ជាក់ពីវរៈភាពរបស់កងទ័ពក្នុងបេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហម។

    បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តអំពាវនាវដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ តាមរយៈ Fresh News ក៏ឆ្លៀតបញ្ជាក់ជូនប្រជាពលរដ្ឋដែរថា ការចាក់វ៉ាក់សាំង និងការបំពេញបណ្ណព័ត៌មានចាក់វ៉ាក់សាំង គឺមិនមានគិតប្រាក់នោះឡើយ។

    ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។

    ប្រជាពលរដ្ឋដែលបានអញ្ជើញទៅចាក់វ៉ាក់សាំង ក្រៅតែពីបានអរគុណក្រុមការងារដោយផ្ទាល់មាត់ហើយនោះ ពួកគេបានបង្កប់ពាក្យពេចន៍អរគុណរាជរដ្ឋាភិបាល និងក្រុមការងារចាក់វ៉ាក់សាំងនៅក្នុងបណ្ណព័ត៌មានចាក់វ៉ាក់សាំងផងដែរ។

    អ្នកស្រី ឯម រ៉ន អាយុ ៤១ឆ្នាំ ជាអាជីវកររស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល ក្នុងបណ្ណព័ត៌មានចាក់វ៉ាក់សាំង បានរំលេចពាក្យពេចន៍អរគុណជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងក្រុមការងារចាក់វ៉ាក់សាំង។

    អ្នកស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឱ្យបានចៀសផុតពីជំងឺកូវីដ១៩។ សូមអរគុណ!»។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការចាក់វ៉ាក់សាំងជាតួនាទី និងកាតព្វកិច្ច ដែលកងកម្លាំងត្រូវសម្រេចឱ្យបានជូនរាជរដ្ឋាភិបាល និងប្រជាជន។ តែទោះជាយ៉ាងណារូបលោក និងក្រុមការងារទាំងអស់ ពិតជារំភើបនូវពាក្យពេចន៍ដឹងគុណរបស់ប្រជាពលរដ្ឋតាមរយៈបណ្ណព័ត៌មាននេះ។

    លោក ឥត សារ៉ាត់ បានបង្ហាញការប្តេជ្ញាចិត្តថា ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ នឹងប្តូរផ្តាច់ប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក៏ដូចជានៅក្នុងរាជធានីភ្នំពេញឱ្យបានគ្រប់គ្នា តាមបទបញ្ជារបស់សម្តេចតេជោ និងតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋគេចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩។

    សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

    ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩ម៉ឺននាក់។

    ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ