• ទីក្រុងហាណូយ និងហូជីមិញ ចាប់ផ្តើមបិទកន្លែងកម្សាន្តនានា ដើម្បីទប់ទល់ការឆ្លងរាតត្បាតកូវីដ-១៩

    (ហាណូយ)៖ នៅថ្ងៃចន្ទនេះទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម បានចាប់ផ្តើមបិទអាជីវកម្មបន្ថែមទៀតដូចជា រោងភាពយន្ត កន្លែងម៉ាស្សា-ស្ពា ហាងអ៉ីនធើណិត-កាហ្វេ និងទីតាំងលក់អាហារតាមដងផ្លូវជាដើម នៅចំពោះមុខការរាលដាលជាថ្មីនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

    នៅទីក្រុងហូជីមិញ ព្រឹត្តិការណ៍កីឡា ព្រមទាំងកិច្ចប្រជុំ និងសន្និសីទពុំមានការចាំបាច់បន្ទាន់ ក៏ត្រូវបានអាជ្ញាធរណែនាំឲ្យផ្អាកផងដែរ ហើយបើធ្វើឡើង គឺត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម។ រីកន្លែងប្រតិបត្តិសាសនាក៏ដូចគ្នា។ តាំងពីថ្ងៃទី៣០ ខែមេសា ទីក្រុងហូជីមិញបានផ្អាករួចហើយនូវ បារ ក្លឹបរាំកម្សាន្ត និងខារ៉ាអូខេទាំងអស់ ក្រោយការផ្ទុះឡើងជាថ្មីនៃករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញ កាលពីថ្ងៃទី២៩ ខែមេសា។ ចំណែកនៅទីក្រុងហាណូយ អាជ្ញាធរបានព្រមានថា អាជីវកម្មដែលមិនគោរពតាមគោលការណ៍ទប់ស្កាត់ COVID-19 នឹងត្រូវបញ្ឈប់ប្រតិបត្តិការ។

    គួរបញ្ជាក់ថា គិតចាប់តាំងពីករណីឆ្លងក្នុងសហគមន៍ផ្ទុះឡើងជាថ្មី ក្រោយមិនមានជាច្រើនសប្តាហ៍ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ២៤ករណី ដែលត្រូវបានរកឃើញនៅតំបន់មួយចំនួន រួមមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្ត ហា ណាម (Ha Nam), ហាំង យែន (Hung Yen), និង វិញ ហ្វ៊ុក (Vinh Phuc) នៅភាគខាងជើង។ ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងប្រទេសវៀតណាមមានចំនួន ២,៩៦២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ