• ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ-១៩ «៣៦០,៩៦០នាក់» និងអ្នកជំងឺ ៣,២៩៣នាក់ស្លាប់នៅក្នុង១ថ្ងៃ

    (ញូដេលី)៖ ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះគឺជាថ្ងៃទី ៧ ហើយដែលឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លង COVID-19 លើស ៣០០,០០០នាក់ក្នុង ១ថ្ងៃ ហើយក៏ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតដែរ សម្រាប់ចំនួនករណីឆ្លង និងស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេស ដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

    រយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុប ៣៦០,៩៦០នាក់ និងអ្នកជំងឺ ៣,២៩៣នាក់ស្លាប់។ កំណត់ត្រាដ៏អាក្រក់ថ្មីនេះ បានកើតឡើងកំឡុងពេលដែលឥណ្ឌា កំពុងជួបប្រទះការខ្វះខាតយ៉ាងដំណំ នូវគ្រែសម្រាប់ទទួលអ្នកជំងឺ, អុកស៊ីសែនសម្រាប់សង្គ្រោះជីវិត និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត បើទោះបីជាសហគមន៍អន្តរជាតិ បានសន្យាជួយឧបត្ថម្ភជាច្រើនរួចទៅហើយក្តី។

    ក្រោយការបូកសរុបទិន្ន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ក្បែរ ១៨លានករណី ក្នុងនោះចំនួនមនុស្សស្លាប់ក៏បានកើនលើស ២០០,០០០នាក់ផងដែរ។ ដោយឡែកសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងស្វះស្វែងនាំមុខក្នុងការជួយសង្គ្រោះឥណ្ឌា ដោយកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយទូរស័ព្ទដោយផ្ទាល់ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីជំនួយ ដែលអាចផ្តល់មកកាន់ឥណ្ឌា និងជាពិសេសគឺវ៉ាក់សាំងបង្ការ COVID-19 ដែលអាមេរិកនឹងត្រូវដឹកជញ្ជូនទៅកាន់ឥណ្ឌាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ