• ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២៧៣,០០០នាក់ និងអ្នកជំងឺជាង ១,៦០០នាក់ស្លាប់ក្នុង១ថ្ងៃ!

    (ញូដេលី)៖ អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ២៧៣,៨១០នាក់ទៀត ត្រូវបានរកឃើញនៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងទូទាំងប្រទេស កើនឡើងដល់លើស ១៥លានករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

    នៅក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ១,៦១៩នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារជំងឺក៏កាចសាហាវនេះទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ ១៧៨,៧៦៩នាក់។ អត្រាឆ្លង និងស្លាប់ដោយសារ COVID-19 របស់ឥណ្ឌា ដែលជាប្រទេសមានប្រជាជនសរុបជាង ១,៣០០លាននាក់ ពេលនេះគឺស្ថិតក្នុងកម្រិតខ្ពស់ជាងគេបំផុតក្នុងលោក។

    គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌាកំពុងតែព្យាយាមបង្កើន ចំនួនគ្រែសម្រាប់អ្នកជំងឺព្យាបាល នៅតាមរដ្ឋមួយចំនួន ដែលមានផ្ទុះករណីឆ្លង នៅក្នុងកម្រិតធ្ងន់ធ្ងរដូចជា មហារ៉ាស្ត្រា (Maharashtra), កាណាតាកា (Karnataka), កឺរ៉ាឡា (Kerala), អ៊ូតតាប្រាដែស (Uttar Pradeh) និង វែសត៍ ប៊ែងហ្គាល់ (West Bengal) ជាដើម ដែលសុទ្ធសឹងតែជារដ្ឋមានករណីឆ្លង COVID-19 រាប់លានករណីដូចៗគ្នា។

    កត្តាចម្បងនៃការឆ្លងរាតត្បាតខ្លាំង ឬចាត់ទុកជារលកទី ៣នៃ COVID-19 ក្នុងប្រទេសឥណ្ឌាពេលនេះ នៅតែត្រូវគេស្តីបន្ទោសទៅលើ ការជួបជុំគ្នាយ៉ាងកកុញនៅក្នុងឱកាសប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) នៃសាសនាហិណ្ឌូដែលនឹងត្រូវអូសបន្លាយ ពេញមួយខែមេសានេះតែម្តង។ គិតត្រឹមថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ១៥,០៥៧,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៨,៧៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៣,០០០,០០០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ