• WHO នឹងប្រកាសសេចក្តីសម្រេចចុងក្រោយ លើវ៉ាក់សាំងចិនចំនួនពីរ នៅចុងខែមេសា ឬដើមខែឧសភា

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នឹងសម្រេចនៅចុងខែនេះ ឬនៅខែក្រោយ លើការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 របស់ចិន ស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) ចុះក្នុងបញ្ជីប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយការវាយតម្លៃយ៉ាងហ្មត់ចត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

    មន្រ្តីជំនាញផ្នែកវ៉ាក់សាំងរបស់ WHO ប្រចាំតំបន់អឺរ៉ុប លោក ស៊ីដដាថា ដាតតា (Siddhartha Datta) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងទទួលបានដំណឹង អំពីការទទួលស្គាល់វ៉ាក់សាំងចិនទាំងពីរ ចុះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ WHO នៅចុងខែមេសានេះ ឬនៅខ្ទង់ដើមខែឧសភាខាងមុខ»។

    ក្រុមគណៈកម្មការជំនាញរបស់ WHO ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការវាយតម្លៃលើវ៉ាក់សាំងចិន ធ្លាប់បានប្រាប់ថា ការសម្រេចចិត្តសម្រាប់វ៉ាក់សាំងចិនយ៉ាងហោចមួយ អាចនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ខណៈកិច្ចប្រជុំទីពីរក៏ត្រូវបានគ្រោងទុក នៅថ្ងៃទី០៣ ខែឧសភាផងដែរ ប្រសិនបើត្រូវការពេលវេលាថែមទៀត ដើម្បីសម្រេចចិត្តលើវ៉ាក់សាំងទាំងពីរ។

    គួរបញ្ជាក់ថា ការចុះក្នុងបញ្ជី EUL របស់ WHO អនុញ្ញាតឲ្យវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ អាចទិញយកបានដោយកម្មវិធី COVAX ដែលមានគោលដៅជួយផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ហើយវាក៏អាចជួយណែនាំបណ្តាប្រទេសណា ដែលមិនសូវមានប្រព័ន្ធវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងជឿនលឿនផងដែរ។

    គិតមកទល់ពេលនេះ អង្គការ WHO បានទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ ហ្វៃហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) ព្រមទាំង វ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា ស៊ែរឹម (Serum ឬ SII) និងក្រុមហ៊ុនកូរ៉េខាងត្បូង អ៊ែសខេបាយអូ (SKBio)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ