• ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសបារាំង ត្រូវបានគេរំពឹងថានឹងកើនលើស «១០០,០០០នាក់» នៅថ្ងៃព្រហស្បតិ៍នេះ ខណៈករណីអ្នកស្លាប់ថ្មីមានប្រមាណ ៣០០នាក់រៀងរាល់ថ្ងៃ

    (ប៉ារីស)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបារាំងត្រូវបានគេរំពឹងថា នឹងកើនលើសពី ១០០,០០០នាក់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមន្ទីរពេទ្យនានាពោពេញដោយអ្នកជំងឺជាងមួយឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែមេសា ឆ្នាំ២០២១។

    ចំនួនអ្នកស្លាប់ដែលបានកើនឡើង ចាប់តាំងពីការចាប់ផ្តើម នៃការឆ្លងរីករាលដាលជំងឺមក បានកើនដល់ចំនួន ៩៩,៧៧៧នាក់ហើយ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរសុខាភិបាលបារាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារជំងឺ COVID-19 ប្រមាណជា ៣០០នាក់ជារៀងរាល់ថ្ងៃ។

    ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់កាសែត Le Parisien ថា លោកតែងតែគិតអំពីមនុស្សទាំងអស់ដែលបានស្លាប់ដោយសាររោគរាតត្បាត និងគ្រួសាររបស់ពួកគេ។

    លោក ម៉ាក្រុង បានបន្ថែមថា ជំងឺរាតត្បាតពិតជាឃោឃៅណាស់សម្រាប់បុគ្គលម្នាក់ៗ ដែលពេលខ្លះពួកគេមិនអាចសូម្បីតែជូនដំណើរមនុស្សជាទីស្រលាញ់របស់ខ្លួន នានាទីចុងក្រោយនៃជីវិតរបស់ពូួកគេ។

    អ្នកជំងឺឈឺធ្ងន់ដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅប្រទេសបារាំងបានកើនដល់ ៥,៩០០នាក់ក្នុងសប្តាហ៍នេះ។ វិធានការណ៍រឹតត្បឹតនានា រួមមានដូចជាការបិទសាលារៀន ការហាមឃាត់ការធ្វើដំណើរ និងបិទហាងទំនិញមិនចាំបាច់ ត្រូវបានដាក់ចេញ ខណៈដែកបម្រាមគោចរទួទាំងប្រទេសនាពេលយប់ ត្រូវបានធ្វើឡើងចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំមុនមកម៉្លេះ។

    គួរបញ្ជាក់ថា ប្រទេសបារាំងគឺជាប្រទេសដែលបានរាយការណ៍ថា មានចំនួនអ្នកឆ្លងច្រើនជាងគេនៅអឺរ៉ុប មានរហូតដល់ជាង ៥.១លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ